ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋានគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំបានស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជន សង្ស័យជាបន្តបន្ទាប់ ករណីទទួលផលចោរកម្ម (រថយន្ត) ០២នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ និងដកហូតរថយន្ត២គ្រឿង បានរៀបចំឯក សារបញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ ខណៈកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋានគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ ដែល ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវករណីបាត់រថយន្តបានទទួលលទ្ធផលចោរកម្ម។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ រ៉ា ឌីឡា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិគគី ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រឹបអូសរថយន្ត RX300 ពណ៌ស ១គ្រឿង ។ លោកបន្តថាបន្ទាប់មកទៀត សមត្ថកិច្ចយើងបានបន្តចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ជុំ លីមសុង ហៅហ្គោ ភេទប្រុស អាយុ៣១ឆ្នាំ កំណើតភូមិអូរលាវ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រឹបអូសរថយន្តបាឡែន១គ្រឿង ពណ៌ស ។
បច្ចុប្បន្នជនល្មើសទាំងពីរនាក់ ព្រមទាំងវត្ថុតាងរថយន្ត ០២ គ្រឿង បានរៀបចំឯកសារបញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ