ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០១៩នេះ គឺជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ មាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន៩ខែគត់ និងសូមអនុមោទនា ថ្ងៃបុណ្យ « មាឃបូជា »
សម្តេចបានរំលឹកថា៖ ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
សម្តេចបន្តថា៖ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណាសូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕
ដោយ៖ សុខ ខេមរា