ភ្នំពេញ៖ ជាប់ពន្ធនាគារ អាចរៀនជំនាញវិជ្ជាជីវៈ ! ធ្វើអោយមហាជនត្រេចអរជំនួសទណ្ឌិត។ ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ នៃរូបភាពស្ត្រីជាអ្នកជាប់ឃុំពន្ធនាគារ ដែលកំពុងធ្វើសក់ ក្នុងពន្ធនាគារព្រៃស ។ នេះមិនមែនជារឿងចម្លែកទេ ព្រោះច្បាប់ក៏បានកំណត់រួចហើយដែរ។
ច្បាប់ស្តីពីពន្ធនាគារ ឆ្នាំ២០១១ ត្រង់មាត្រា៦៧ ចែងថា៖ ទណ្ឌិតត្រូវបានផ្តល់មធ្យោបាយចូលរួមកម្មវិធីសិក្សាចំណេះទូទៅ និង កម្មវិធីសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពន្ធនាគារ ។
កម្មវិធីសិក្សាអប់រំ និង កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងពន្ធនាគារ ត្រូវបានធ្វើសមាហរណកម្មជាមួយប្រព័ន្ធអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ជាតិ ។
ទណ្ឌិតជាអនីតិជនត្រូវបានយកចិត្តទុកដាក់ដោយឡែក ទាក់ទងនឹងតម្រូវការសិក្សាអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្តារនីតិសម្បទា និង សមាហរណកម្មដោយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួងអប់រំយុវជន និងកីឡា ។
ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងមហាផ្ទៃរៀបចំកម្មវិធីនិងដំណើរការអនុវត្តកម្មវិធីសិក្សាអប់រំ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ទណ្ឌិតនៅក្នុងពន្ធនាគារ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាជនកម្ពុជា បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ខណៈឃើញរូបភាពស្ត្រីៗ ជាទណ្ឌិតកំពុងអនុវត្តទោសក្នុងពន្ធនាគារ ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ឃើញពីសកម្មភាពពួកគាត់ ទទួលបានរៀនពីមុខវិជ្ជា សំអាង អ៊ុតសក់ កក់សក់ ផាត់មុខ កាត់ក្រចក កៀបសក់ ។ល។ ជាដើម រហូតដល់គេដាក់ថា៖«ព្រៃស សាឡន» បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងពន្ធនាគារ មានឱកាសផ្តល់ការកែប្រែ អប់រំ ដល់ទណ្ឌិត អោយបានយល់ដឹង ពីផ្លូវល្អ ស្គាល់ខុស ស្គាល់ត្រូវ អ្វីជាអំពើល្មើសច្បាប់ ដើម្បីកែខ្លួន ទៅជាពលរដ្ឋល្អក្នុងសង្គម និងបង្កើតអោយមានការបង្ហាត់បង្រៀននូវមុខវិជ្ជា ជំនាញខ្លីដល់ទណ្ឌិត ជាបុរស ស្ត្រីនេះជាដើម។
នាយឧត្តមសេនីយ៍ ចាន់ គឹមសេង អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទថា៖ គ្រប់ពន្ធនាគារ សុទ្ធតែបង្កើតអោយមានមុខជំនាញសម្រាប់ផ្តល់ជាចំណេះដឹងដល់ទណ្ឌិត ស្របពេលពួកគាត់កំពុងត្រូវបានអនុវត្តទោស និងទទួលការអប់រំកែប្រែជាប្រចាំពីក្រុមអនុរក្ស ,អ្នកគ្រប់គ្រងពន្ធនាគារ ,តាមរយះមានអង្គការជាដៃគូជាច្រើនបានចូលរួមចំណែកបង្ហាត់បង្រៀន ជួយជ្រោមជ្រែងជាមួយរដ្ឋាភិបាល។
អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នាយឧត្តមសេនីយ៍ ចាន់ គឹមសេង បានបន្តថា៖ មុខជំនាញត្រូវបង្រៀនមានច្រើន ក្នុងនោះបើខាងស្ត្រីៗ ទទួលបានការចូលរៀនផ្នែក សំអាង គេហៅថាសាឡន។ ដោយឡែកខាងបុរសៗវិញ រៀនផ្នែកបច្ចេកទេសដូចជា៖ ជំនាញខាងជុសជុលម៉ាសុីនត្រជាក់,តបណ្តាញចរន្តអគ្គីសនី(ផ្នែកតភ្លើង),ជំនាញជុសជុលម៉ូតូ, វិធីដាំដុះផ្នែកកសិកម្ម,ការចិញ្ចឹមសត្វ,។ល។ ដោយមានអង្គការភាពជាដៃគូ,ខាងកាកបាទក្រហមកម្ពុជា បានចូលរួមជួយយ៉ាងខ្លាំងជួយលើកិច្ចការនេះ។ ដូច្នេះស្ត្រីបុរសដែលសង្វាតរៀនតាមមុខជំនាញនេះ ពួកគាត់អាចបង្កើតមុខរបរដ៏សមរម្យមួយក្នុងសង្គម បន្ទាប់ពីអនុវត្តទោសចប់ចេញពីពន្ធនាគារ។
អ្នកគ្រប់គ្រងពន្ធនាគារក៏សូមអោយប្រជាជនទូទៅចូលរួមលើកទឹកចិត្តពួកគាត់ កុំមានការរើសអើង នូវជាតិសាសន៍ដ៏ល្អផូរផង់របស់ខ្មែរយើង គឺខ្មែរជួយខ្មែរ ធ្វើអោយប្រទេសយើងរីកចម្រើន គ្មានការជ្រៀតជ្រែតពីបរទេស៕
ដោយ៖ សុខ ខេមរា