អគ្គនាយពន្ធនាគារ ៖ អ្នកទោសទទួលបានការបង្ហាត់បង្រៀននូវជំនាញ សម្រាប់ជាមុខរបរទៅអនាគត ក្រោយអនុវត្តទោសរួចរាល់

ចែករំលែក៖

ភ្នំពេញ៖ ជាប់​ពន្ធនាគារ អាច​រៀន​ជំនាញ​វិជ្ជាជីវៈ​ ! ធ្វើអោយមហាជនត្រេចអរជំនួសទណ្ឌិត។ ថ្មីៗ​នេះ​ មាន​ការ​ភ្ញាក់ផ្អើល​មួយ​ នៃ​រូបភាព​ស្ត្រី​ជា​អ្នក​ជាប់​ឃុំ​ពន្ធនាគារ​ ដែល​កំពុង​ធ្វើ​សក់​ ក្នុង​ពន្ធនាគារ​ព្រៃស​ ។ នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​ ព្រោះ​ច្បាប់​ក៏​បាន​កំណត់​រួចហើយ​ដែរ​។
ច្បាប់​ស្តីពី​ពន្ធនាគារ​ ឆ្នាំ​២០១១​ ត្រង់​មាត្រា​៦៧​ ចែងថា​៖ ទណ្ឌិត​ត្រូវ​បាន​ផ្តល់​មធ្យោបាយ​ចូលរួម​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ និង​ កម្មវិធី​សិក្សា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពន្ធនាគារ​ ។
កម្មវិធី​សិក្សា​អប់រំ​ និង​ កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នៅ​ក្នុង​ពន្ធនាគារ​ ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ជាមួយ​ប្រព័ន្ធ​អប់រំ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​របស់​ជាតិ​ ។
ទណ្ឌិត​ជា​អនីតិជន​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ដោយ​ឡែក​ ទាក់ទង​នឹង​តម្រូវការ​សិក្សា​អប់រំ​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ការ​ស្តារ​នីតិសម្បទា​ និង​ សមាហរណកម្ម​ដោយ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​ យុវនីតិ​សម្បទា​ និង​ ក្រសួង​អប់រំយុវជន​ និង​កីឡា​ ។

ក្រសួង​អប់រំយុវជន​និង​កីឡា​ និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ត្រូវ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​រៀបចំ​កម្មវិធី​និង​ដំណើរការ​អនុវត្ត​កម្មវិធី​សិក្សា​អប់រំ​ និង​ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​។
មជ្ឈដ្ឋានទូទៅរបស់ប្រជាជនកម្ពុជា បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ខណៈឃើញរូបភាពស្ត្រីៗ ជាទណ្ឌិតកំពុងអនុវត្តទោសក្នុងពន្ធនាគារ ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ឃើញពីសកម្មភាពពួកគាត់ ទទួលបានរៀនពីមុខវិជ្ជា សំអាង អ៊ុតសក់ កក់សក់ ផាត់មុខ កាត់ក្រចក កៀបសក់ ។ល។ ជាដើម រហូតដល់គេដាក់ថា៖«ព្រៃស សាឡន» បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងពន្ធនាគារ មានឱកាសផ្តល់ការកែប្រែ អប់រំ ដល់ទណ្ឌិត អោយបានយល់ដឹង ពីផ្លូវល្អ ស្គាល់ខុស ស្គាល់ត្រូវ អ្វីជាអំពើល្មើសច្បាប់ ដើម្បីកែខ្លួន ទៅជាពលរដ្ឋល្អក្នុងសង្គម និងបង្កើតអោយមានការបង្ហាត់បង្រៀននូវមុខវិជ្ជា ជំនាញខ្លីដល់ទណ្ឌិត ជាបុរស ស្ត្រីនេះជាដើម។
នាយឧត្តមសេនីយ៍ ចាន់ គឹមសេង អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទថា៖ គ្រប់ពន្ធនាគារ សុទ្ធតែបង្កើតអោយមានមុខជំនាញសម្រាប់ផ្តល់ជាចំណេះដឹងដល់ទណ្ឌិត ស្របពេលពួកគាត់កំពុងត្រូវបានអនុវត្តទោស និងទទួលការអប់រំកែប្រែជាប្រចាំពីក្រុមអនុរក្ស ,អ្នកគ្រប់គ្រងពន្ធនាគារ ,តាមរយះមានអង្គការជាដៃគូជាច្រើនបានចូលរួមចំណែកបង្ហាត់បង្រៀន ជួយជ្រោមជ្រែងជាមួយរដ្ឋាភិបាល។
អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នាយឧត្តមសេនីយ៍ ចាន់ គឹមសេង បានបន្តថា៖ មុខជំនាញត្រូវបង្រៀនមានច្រើន ក្នុងនោះបើខាងស្ត្រីៗ ទទួលបានការចូលរៀនផ្នែក សំអាង គេហៅថាសាឡន។ ដោយឡែកខាងបុរសៗវិញ រៀនផ្នែកបច្ចេកទេសដូចជា៖ ជំនាញខាងជុសជុលម៉ាសុីនត្រជាក់,តបណ្តាញចរន្តអគ្គីសនី(ផ្នែកតភ្លើង),ជំនាញជុសជុលម៉ូតូ, វិធីដាំដុះផ្នែកកសិកម្ម,ការចិញ្ចឹមសត្វ,។ល។ ដោយមានអង្គការភាពជាដៃគូ,ខាងកាកបាទក្រហមកម្ពុជា បានចូលរួមជួយយ៉ាងខ្លាំងជួយលើកិច្ចការនេះ។ ដូច្នេះស្ត្រីបុរសដែលសង្វាតរៀនតាមមុខជំនាញនេះ ពួកគាត់អាចបង្កើតមុខរបរដ៏សមរម្យមួយក្នុងសង្គម បន្ទាប់ពីអនុវត្តទោសចប់ចេញពីពន្ធនាគារ។
អ្នកគ្រប់គ្រងពន្ធនាគារក៏សូមអោយប្រជាជនទូទៅចូលរួមលើកទឹកចិត្តពួកគាត់ កុំមានការរើសអើង នូវជាតិសាសន៍ដ៏ល្អផូរផង់របស់ខ្មែរយើង គឺខ្មែរជួយខ្មែរ ធ្វើអោយប្រទេសយើងរីកចម្រើន គ្មានការជ្រៀតជ្រែតពីបរទេស៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print