ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ខណៈឪពុកកូន២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកកូនប្រុសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុ ។
ករណីជួបគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែជិះម៉ូតូបត់ឆ្លងផ្លូវចូលផ្ទះ ក៏ត្រូវរថយន្ត សណ្តោងកន្ទុយកុងតឺន័រ បានបើកវ៉ាជែង ជ្រុលទៅបុកកិនពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៩ ទុលមុខច្រកចូល វិហារព្រះគ្រឹស ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ។
បុរសជាអ្នកបើកម៉ូតូ ហើយត្រូវជាឪពុក ជនរងគ្រោះ ១.មានឈ្មោះ សាន សុខវឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ ១៥៣ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រងរបួសស្រាល ។
២.មានឈ្មោះ វ៉ន ចាន់បរមី ភេទប្រុស អាយុ ៩ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន រងរបួសធ្ងន់ ។
៣.មានឈ្មោះ វ៉ន តុលា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរ សិស្ស ត្រូវជាកូន បានស្លាប់នៅនិងកន្លែងកើតហេតុ ។ អ្នកទាំងបី ជិះម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឍ3248 កណ1។
ដោយឡែក រថយន្តបង្កហេតុ ម៉ាក ASIA GRANTO ពណ៌សលាយកាប់ស្ទាំង ពាក់ស្លាកលេខ ភ្នំពេញ 3D 3765 បើកបរ ដោយបុរស មិនស្គាល់អត្តសញ្ញាណ ព្រោះនៅពេលបង្កគ្រោះថ្នាក់ រួចហើយបានរត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញ បុរសបីនាក់ ឪពុកនិងកូនប្រុស២នាក់ បានជិះម៉ូតូចេញពី ម្តុំ ភូមិតាព្រហ្ម ស្ថិតនៅសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ គោលបំណងត្រលប់មកផ្ទះវិញ ដោយបានធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅ ពីខេត្តទៅភ្នំពេញ ខណៈមកដល់ចំនុចកើតហេតុ ក៏បាត់ឆ្វេងឆ្លងផ្លូវគោលបំណងចូលទៅផ្លូវក្នុងភូមិ ហើយស្របពេលដែលម៉ូតូបត់ឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមាន រថយន្តសណ្តោងកន្ទុយកុងតឺន័រមួយគ្រឿង បានបើកធ្វើដំណើរ ក្នងទិសដៅស្របគ្នា ក្នុងល្បឿនលឿនហើយបានវ៉ាជែងទៅខាងឆ្វេងដៃ ក៏ជ្រុលទៅបុកនិងម៉ូតូ ដែលជិះបីនាក់ឪពុកកូន ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តកិនទៅលើកូនបងដែលអង្គុយខាងក្រោយចំក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកពីរនាក់២ឪពុកកូនដែលជិះ រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យ ។
ដោយឡែកខាងរថយន្តវិញ នៅពេលបង្កគ្រោះថ្នាក់រួចហើយ អ្នកបើកបរ បានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ បានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានធ្វើលិខិតប្រគល់សពជនរងគ្រោះ អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ជនរងគ្រោះផ្ទាល់ ចំណែករថយន្ត និងម៉ូតូវិញ ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅធ្វើការវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយ ៕
ដោយ៖ ភារ៉ា ដង្កោ