ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូMSXមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុកគល់ស្ពានស្ទឹងមានជ័យ ហើយផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរងរបួសធ្ងន់ដាច់ជើងឆ្វេងម្ខាងចេញពីគ្នាគួរឲ្យរន្ធត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃសៅរ៍ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបុរសម្នាក់ជិះម៉ូតូMSXពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1GO-5418 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកគល់ស្ពានពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់នោះផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដាច់ជើងឆ្វេងម្ខាងរងរបួសជាទម្ងន់ ។ ភ្លាមៗនោះដែរជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកទៅមន្ទីរពេទ្យរុស្សីដើម្បីសង្គ្តោះជីវិត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕ដោយ៖ ភារ៉ា ដង្កោ