ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ជាជនជាតិចិន បន្ទាប់ពីទទួលបណ្តឹងពី ក្រុមគ្រួសារនារីរងគ្រោះថាជនជាតិចិនរូបនេះបានបង្ឃាំងនិងវាយធ្វើបាបនៅក្នុងផ្ទះមួយកន្លែង ដែលមានទីតាំង នៅចំណុចបុរីពិភពថ្មី ខាងមុខផ្សារទំនើបម៉ាក្រូ ផ្ទះលេខ៩៦A ផ្លូវលេខNW-០២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ករណីនេះពិតជាបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ នៅអំឡុងម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ព្រោះតែឃើញកម្លាំងមានសមត្ថកិច្ចចុះអន្តរាគមន៍ ។
នគរបាលថា នៅពេលចុះទៅដល់កន្លែងកើតហេតុភ្លាមបានគោះទ្វារផ្ទះ នៅពេលនោះឃើញជនជាតិ ប្រុសៗ ពីរទៅបីនាក់ ដែលស្នាក់នៅក្នុងផ្ទះកើតហេតុនេះបានចេញមកមើល ប៉ុន្តែមិនព្រមបើកទ្វារនោះទេ។ លុះមួយ សន្ទុះក្រោយមកទើបបុរសជនជាតិរូបនេះនាំនារីរងគ្រោះជាសង្សារចុះមកជួបសមត្ថកិច្ចនៅខាងក្រោម ។គេឃើញ នារីរងគ្រោះមានរងរបួសរយះជើងខាងស្តាំ និងហើមមុខហើមមាត់ ។ ឃើញស្ថានភាពដូច្នេះ កម្លាំងសមត្ថកិច្ចក៏ ចាប់ឃាត់ខ្លួនបុរសជាជនជាតិនេះតែម្តង ដើម្បីនាំខ្លួនយកទៅសួរនាំ ប៉ុន្តែបែរជានារីរងគ្រោះជាសង្សារស្រែកទ្រហោយំ មិនព្រមឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ជនជាតិទៅវិញ ។
ប្រភពព័ត៌មានដោយឡែកមួយឲ្យដឹងថា នៅមុនពេលកើតហេតុ នាយប់ថ្ងៃ៦ ខែមីនា ឆ្នាំ២០១៩ នារីរងគ្រោះបាននាំបុរសជនជាតិចិន ដែលគេអះអាងថាជាសង្សារបានទៅចូលរួមកម្មវិធីខួបកំណើរប្អូនប្រុសរបស់នាង ដោយ មានការផឹកស៊ីរាំច្រៀងយ៉ាងសប្បាយរីករាយ ។ ការជួបជុំបានធ្វើឲ្យបុរសជនជាតិតៃវ៉ាន់នោះកើតចិត្តប្រច័ណ្ឌ និងអន់ចិត្តទៅលើនារីរងគ្រោះ រហូតកើតជាការឈ្លោះប្រកែកគ្នារវាងពួកគេទាំងពីរនាក់ តែបានមិត្តភក្តិដែលចូលរួម ក្នុងកម្មវិធីនេះជួយសម្របសម្រួលពួកគេរហូតត្រូវរ៉ូវគ្នា ទើបនារីរងគ្រោះនិងបុរសជនជាតិនាំគ្នាត្រឡប់មកផ្ទះកើតហេតុនេះ ។
ទំនាក់ទំនងមិនល្អនេះមិនទាន់បញ្ចប់ទេ លុះដល់ម៉ោង១រំលងអធ្រាត្រថ្ងៃខែដដែល នារីរងគ្រោះបានទូរស័ព្ទប្រាប់ សាច់ញាតិថា បុរសជនជាតិនេះបានវាយនាងស្ទើរស្លាប់ហើយ ថែមទាំងបិទទ្វារចាក់សោមិនឲ្យចេញទៅក្រៅទៀតផង ។ ដំណឹងនេះក៏បានដឹងឮដល់សមត្ថកិច្ចមូលដ្ឋានចុះទៅជួយធ្វើការអន្តរាគមន៍ ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុបានសាកសួរទើបដឹងថា នារីរងគ្រោះឈ្មោះ Dalex អាយុ ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលជិតផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ រីឯជន ជាតិចិន ភ្លាមៗនោះមិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែអាចដឹងថាមានអាយុប្រហែល៤០ឆ្នាំប៉ុណ្ណោះ ។
មន្ត្រីនគរបាលរដ្ឋបាលភ្នំពេញថ្មីបញ្ជាក់ថា ការចុះអន្តរាគមន៍ករណីនេះ បន្ទាប់ពីមានសាច់ញាតិរបស់នារីរងគ្រោះ បានទូរស័ព្ទមកប្តឹងថា មានបុរសជាជនជាតិបានប្រើអំពើហិង្សាព្រមទាំងបង្ឃាំងសាច់ញាតិគាត់ទុកនៅក្នុងផ្ទះកើតហេតុខាងលើនេះ ។
ទោះយ៉ាងណា បុរសជនជាតិចិន ដែលជាជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបន្ត បើទោះនារីរងគ្រោះមិនបានដាក់ពាក្យប្ដឹងក៏ដោយ ។
ដកស្រង់ប្រភពពត៌មាននៅជុំវិញកន្លែងកើតហេតុឲ្យដឹងថា នារីរងគ្រោះនិងបុរសជនជាតិបានស្គាល់ និង ស្រលាញ់គ្នាអស់រយៈពេលជាង៦ខែមកហើយ ៕ ដោយ ៖ ជាយក្រុង