ខេត្ដត្បូងឃ្មុំ៖ ក្នុងទឹកដីភូមិសាស្ដ្រ ខេត្ដត្បូងឃ្មុំបានក្លាយទៅជាតំបន់ប្រភព នៃបទល្មើសឈើឆ្លងកាត់ និងដឹកជញ្ជូន ទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ ។ ករណីបង្ក្រាបកាន់តែខ្លាំង សកម្មភាពដឹកជញ្ជូនឈើទាំងរថយន្ដតូច រថយន្ដធំកាន់តែសម្រុក និងប្រមូលផ្ដំដោយ សមត្ថកិច្ចជាច្រើនស្ថាប័ន ដើម្បីទាញ យកលាភសក្ការពីក្រុមឈ្មួញល្មើសច្បាប់ទាំងនោះ ។
លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្ដត្បូងឃ្មុំ ត្រូវបានគេចាត់ទុកថា អាចជាមេក្លោងផ្ដើមឱ្យមានបទល្មើស ដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ និងទៅវៀតណាម គ្រាន់តែជ្រក ក្រោមអាជ្ញាប័ណ្ណស្របច្បាប់បន្ដិចបន្ដួច រួចហើយក្រុមឈ្មួញបានដឹកជញ្ជូនឈើ ដោយរថយន្ដយីឌុបស្ទើរបំផ្លាញផ្លូវ និង រថយន្ដធុនតូចបន្ដកន្ទុយគ្នាដូចហែកឋិន ។
ទីតាំងកុងត្រូលជជុះរបស់លោកងី វីរៈ យ៉ាងតិចចំនួន២បាននឹងកំពុងដំណើរការ រាប់ក្បាលរថយន្ដយកប្រាក់ និងមួយចំនួន ធំទៀតត្រូវបានដាក់ខែ ។ ក្នុងនោះដូចជា ទីតាំងនៅចំណុចផ្លូវបំបែកក្រែកទៅច្រក ត្រញំងថ្លុង និងមួយកន្លែងទៀតមុខវត្ដស្អំ សម្រាប់សកម្មភាពប្រមូលលុយ សុទ្ធតែ ជាទង្វើល្មើសច្បាប់ ។ ប៉ុន្ដែពួកគេអាច មានឱកាសទាញយកប្រយោជន៍ពីបទ ល្មើសទាំងនោះ ទន្ទឹមនឹងបានគិតគូររាល់ ប្រភពសេដ្ឋកិច្ចដែលប្រមូលបាន យក ទៅបំពេញតម្រូវការថ្នាក់លើ ។ ករណីនេះគេមានជំនឿថាៈ លោកប្រធានរដ្ឋបាលព្រៃឈើ ឆេង គឹមសុន អាចជ្រាប រឿងបង់ពន្ធគ្រប់ឬមិនគ្រប់ ព្រោះធ្លាប់ក្រុមគយចល័តដឹកនាំដោយលោក ព្រាប គារ៉ាត់បង្រ្កាបចាប់ជាញឹកញាប់ឃើញសុទ្ធតែឈើល្មើសច្បាប់។
នគរវត្តមិនអាចទាក់ទងបានទេពីលោក ឆេង គឹមសុន ប្រធានរដ្ឋបាលព្រៃឈើកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។ ប៉ុន្តែរាល់សកម្មភាពរថយន្តដឹកឈើឆ្លងកាត់ត្រូវតែបង់លុយសម្រាប់ជំនាញរបស់លោក ងី វីរះ បើពុំនោះទេ ពួកគេនឹងដាក់រថយន្ដជាច្រើនគ្រឿង សម្រាប់ប្រដេញ ប្រសិនបើឈ្មួញដឹកឈើ មិនព្រមចូលបង់លុយ និងលើកលែងតែ ក្រុមហ៊ុនរបស់ឧកញ៉ាៗ ដែលបង់ប្រាក់ ពួកគេគ្រាន់តែរាប់ក្បាលរថយន្ដដើម្បី ទូទាត់ជាក្រោយប៉ុណ្ណោះ ។
លោក ងី វីរៈ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្ដត្បូងឃ្មុំមិនអាច ទាក់ទងបានទេ ដោយនៅព្រឹកថ្ងៃទី១០ ខែធ្នូ នេះ ទូរស័ព្ទចូលឮថា អ្នកកាសែត ក៏បានចុចបិទយ៉ាងប្រញាប់ប្រញាល់ ។
យ៉ាងតិចមានច្រកចំនួន៥ ក្នុងខេត្ដ ត្បូងឃ្មុំដែលជាប់ពាក់ព័ន្ធការបើកទូលាយ ឱ្យឈើល្មើសច្បាប់ឆ្លងកាត់ទៅប្រទេស វៀតណាម ។ ក្នុងនោះរួមមានច្រកដូង ៧ដើម , ច្រកទន្លេចាម ,ច្រកចន្ទមូល, ច្រកកោះថ្ម ,ច្រកដូនរ័ត្ន ជាដើម ។ ច្រកទន្លូងហៅច្រកកោះថ្ម ថ្មីៗ២ទៅ៣ថ្ងៃនេះគឺមានរថយន្តដឹកឈើជន្លង់ម្រិចរាប់រយគ្រឿងឆ្លងទៅវៀតណាម។ ច្រកទាំង៥រួមទាំងនាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្ដត្បូងឃ្មុំ លោក ងី វីរៈ ត្រូវបាន ស្ថិតនៅក្រោមការចាត់តាំង និងផ្ដល់ សេដ្ឋកិច្ចពីមេឈ្មួញធំៗ ដែលនាំឈើទៅ ប្រទេសវៀតណាម ។ឈ្មួញខ្លះទម្លាយថា ទាំងសមត្ថកិច្ច ទាំងជំនាញរដ្ឋបាលព្រៃឈើ ពិតជាដឹងថា ខ្លួនកំពុងតែប្រប្រព្រឹត្ដល្មើសច្បាប់ ទទួល ផលពីអំពើល្មើសច្បាប់ ។ ប៉ុន្ដែដើម្បី ប្រយោជន៍ និងដើម្បីសម្របសម្រួលការ ងារ សុខចិត្ដទទួលខុសផង និងទទួល ប្រយោជន៍ផង ធ្វើម្ដេចបើកាលៈទេសៈ នេះឈ្មួញមានអំណាច មានលុយ អាច ទិញទឹកចិត្ដថ្នាក់លើបានទៅហើយនោះ ។
ច្រកដូនរ័ត្ន និងច្រកចន្ទមូល ឋិត ក្រោមការគ្រប់គ្រងរបស់នគរបាលអង្គ ភាពវរការពារព្រំដែនលេខ៦១៥លោក ចាន់ សារឹម ហើយច្រកទន្លេចាម ឋិតក្រោមការគ្រប់គ្រងរបស់លោកប្រាក់ សំអឿន ដែលត្រូវជាបងប្អូនជីដូនមួយ លោក ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិ បាលខេត្ដត្បូងឃ្មុំ ។
ប្រជាពលរដ្ឋរួមទាំងអាជ្ញាធរផងដែរ បាននិយាយថា អ្នករកស៊ីុឈើភាគច្រើន ដឹកជញ្ជូនចេញពីខេត្ដរតនគិរី,ស្ទឹងត្រែង, មណ្ឌលគិរី ,ក្រចេះ និងមួយចំនួនទៀត តាមរថយន្ដតូចទំនើបៗពីខេត្ដសៀមរាប ,ព្រះវិហារ,ឧត្ដរមានជ័យ និងខេត្ដកំពង់ធំ ឆ្ពោះតាមផ្លូវជាតិលេខ៨ឆ្លងកាត់ខេត្ដ ត្បូងឃ្មុំបន្ដទៅប្រទេសវៀតណាម ដោយ រលូនក្រោមក្រសែភ្នែករបស់លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដត្បូងឃ្មុំ ។ សមត្ថកិច្ចខ្លះទៀតនិយាយដោយការចម្អក ថា ថ្នាក់លើផ្ដល់តំណែងឱ្យលោកងី វិរៈ អតីតដែលជានាយផ្នែករងត្រើយឆ្វេង ហើយទទួលតំណែងជានាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្ដត្បូងឃ្មុំ អាចដោយសារបុគ្គល រូបនេះមានទេពកោសល្យក្នុងការប្រមូល ប្រភពសេដ្ឋកិច្ចពីបទល្មើសព្រៃឈើឆ្លង កាត់ ។
បច្ចុប្បន្នលោក ងី វីរៈ នាយខណ្ឌរដ្ឋ បាលព្រៃឈើខេត្ដ និងជំនាញរបស់ខ្លួនពុំបានព្រួយបារម្ភពីសកម្មភាព ប្រមូលលុយពីបទល្មើសទាំងនេះទេ ដោយ សារមានជំនឿ និងទុកចិត្ដទៅលើមេឈ្មួញ ឈើធំៗទាំងនោះ ជាអ្នកចេញមុខអន្ដរាគមន៍ ។ ដូច្នេះសមត្ថកិច្ចតាមច្រក ជំនាញរដ្ឋបាលព្រៃឈើត្រូវពឹងផ្អែកលើឈ្មួញជាអ្នកបន្ដក់ និងការពាររាល់សកម្មភាពល្មើសច្បាប់ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ នេះ ។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុង កម្មវិធីអបអរសាទរទិវាជាតិ និងអន្ដរ ជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយនៅ សាលមហោស្រពកោះពេជ្រ បានថ្លែង ថា “នឹងបំបាត់កុងត្រូលជជុះមិនប្រក្រតី ក្នុងនោះសំដៅទៅបញ្ហាដុះក្អែរដល់មន្ដ្រី ធ្វើអត្ដសញ្ញាណបណ្ណ ,នគរបាលចរាចរ កុងត្រូលជជុះ និងភាពអសកម្មផ្សេងៗ ទៀតនៅក្នុងពេលបំពេញការងារ ។ លោក រដ្ឋមន្ដ្រីបានបញ្ជាក់ថា ការបោសសម្អាត នេះនឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៦ខាងមុខនេះផងដែរ ។
គេបានរាយការណ៍មកថា មានទីតាំងមួយកន្លែងទៀតផ្លូវទៅច្រកត្រពាំងថ្លុងហៅថា«ភូមិសមត្ថកិច្ច»គឺប្រមូលផ្តុំទៅដោយសមត្ថកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ ចាំយកលុយឡានឈើ ។ អ្នកស្រុកនិយាយថា មើលទៅមិនសមភ្នែកសោះ ម្នាក់ៗវក់នឹងលុយ ផឹកសុីសប្បាយ ហឺុហារ មិនបានដឹងពីភារកិច្ចតួនាទីរបស់ខ្លួន តើត្រូវធ្វើអី ? រំពឹងថា អាជ្ញាធរខេត្តនិងចាត់លុបបំបាត់ ពិសេសនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក ងី វីរះ កំពុងមានអំនួតនឹងតួនាទីបង្រ្កាបបទល្មើសឈើ ហើយឆ្លៀតឱកាសយកលុយពីបទល្មើសទាំងនេះ របៀបជិះសេះលែងដៃ ភ្លេចគិតពីការទទួលខុសសត្រូវលើផ្លូវច្បាប់ ៕
ដោយ៖ សុខ ខេមរា