ខេត្តកណ្ដាល ៖ ក្រុមហ៊ុន ស៊ី អេស អ៊ី សឹលូសិន (C.S.E Solution Co.,Ltd) ត្រូវពលរដ្ឋរាយការណ៍មកថា៖ បានខួងដីក្រោមថ្នល់ កាត់ទទឺងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រែកក្តី ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីដាក់ទុយោបូមខ្សាច់ ចាក់លុបបឹងធម្មជាតិ បេីគិតដល់បច្ចុប្បន្ន មានរយៈពេលប្រហែលជាជាង៤ខែមកហើយ ដោយមិនបានសុំច្បាប់ ឬឆ្លងកាត់រដ្ឋបាលសាលាខេត្តកណ្ដាល និងក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជំនាញពាក់ព័ន្ធនៅឡើយទេ សង្ស័យមានការឃុបឃិតគ្នាត្រឹមថ្នាក់អាជ្ញាធរនិងជំនាញមូលដ្ឋានតែប៉ុណ្ណោះមើលទៅ។
បងប្អូនប្រជាពលរដ្ឋនៅជុំវិញកន្លែងទីតាំងខាងលើ ពួកគាត់ក៏ដាក់ភាពសង្ស័យថា ករណីសកម្មភាពសាឡង់បូមខ្សាច់ខាងលើកំពុងដំណេីរការនេះ ប្រហែលជាមិនទាន់មានច្បាប់អនុញ្ញាត ប៉ុន្តែការខួងក្រោមដី កាត់ទទឹងថ្នល់ជាតិលេខ៥ នេះក៏មិនមានច្បាប់ដល់អភិបាលខេត្តឬក្រសួងជំនាញនៅឡេីយទេ ហេីយពួកគេមានសិទ្ធបំផ្លាញផ្លូវ កីដូចជាធ្វេីអោយបាក់ជ្រាំងជាដេីម បង្កការព្រួយបារម្ភពីអ្នកភូមិ។
ចំពោះករណីខួងដីក្រោមថ្នល់កាត់ផ្លូវជាតិលេខ ៥ របស់ក្រុមហ៊ុន ស៊ី អេស អ៊ី សឹលូសិន (C.S.E Solution Co.,Ltd) ខាងលើ ត្រូវបានខាងមន្ត្រីសាលាស្រុកលួចបង្ហើបថា៖ កន្លងទៅខាង ភាគីក្រុមហ៊ុននេះ តែងបញ្ជាក់ថា បានសុំច្បាប់អនុញ្ញាតទៅសាលាស្រុករួចហើយ។ មានន័យថា៖ ធ្វើអាជីវកម្មជាង៤ខែហើយ ទើបសុំច្បាប់។
បញ្ហានេះ គួអាជ្ញាធរស្រុក ខេត្ត ខាងក្រសួងជំនាញពាក់ព័ន្ធមានវិធានការផង ពិសេសផ្លូវជាតិលេខ៥ទើបនិងស្ថាបនាថ្មីផង អាចបណ្តាលអោយស្រុត ប្រេះ ដោយយថាហេតុណាមួយ បង្កឡើងដោយការខួងដីក្រោមផ្លូវដាក់ទុយោបូមខ្សាច់នេះ៕
ដោយ៖ សុខ ខេមរា