ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿងបានបើកបុកជាមួយរថយន្តវីស្តូបណ្តាលអោយរងការខូចខាតពេលសមត្ថកិច្ចបាញ់ថ្នាំយករថយន្តទាំងពីរគ្រឿងមកដាក់ខាងបែជាម្ចាស់រថយន្តធុនធំមិនព្រមព្រោះអាងខ្សែអ្នកធំបង្កអោយមានការកកស្ទុះចរាចរណ៍រាប់ម៉ោង ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S-8502ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ី ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កប្រភេទរថយន្តធុនធំ ពណ៌សពាក់ស្លាកលេខ ក4299ភព3មានសណ្តោងកន្ទុយ បើកបរពីលិចទៅកើតតាមផ្លូវជាតិលេខ៤ឆ្ពោះទៅផ្លូវវេងស្រេង ក៏បានបុកគ្នាបណ្តាលអោយរងការខូចខាតទាំងសងខាង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែង និងបាញ់ថ្នាំរួចរាល់ហើយប្រាប់ឲ្យរថយន្តទាំងពីរគ្រឿងបើកអែមទៅចិញ្ចើមផ្លូវដើម្បីកុំឲ្យស្ទះចរាចរណ៍ព្រោះនៅចំណុច រង្វង់មូលចោមចៅ ស្រាប់តែអ្នកបើករថយន្តបង្កមិនព្រមបើករថយន្តចេញ បានប្រាប់សមត្ថកិច្ចថា មេរបស់គាត់មិនអោយបើកចេញទេ ទាល់តែបញ្ជាពីមេរបស់គេទើបបើកចេញបានធ្វើឲ្យកកស្ទះចរាចរណ៍រាប់ម៉ោងផងដែរ បន្ទាប់មកសមត្ថកិច្ចបានធ្វើការសម្របសម្រួលទើបព្រមយករថយន្តចេញពីកន្លែងកើតហេតុ ។
ក្រោយមកតំណាងក្រុមហ៊ុនម្នាក់ដែលអះអាងថាពាក់សក្តិ៥ម្នាក់ចេញមុខមកដោះស្រាយនិងហាមមិនឲ្យអ្នកព័ត៌មានថតយកទៅផ្សាយទេ។ ដោយមានការពន្យល់ពីសមត្ថកិច្ចធ្វើការសម្របសម្រួលទើបភាគីបង្ក យល់ព្រមសងសំណងទៅរថយន្តរងគ្រោះចំនួន១៣០ដុល្លារដើម្បីបញ្ចប់រឿង ៕
...
ដោយ៖ សុខាសែនជ័យ