ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿជ្រុលទៅបុករថយន្តបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីងកាលពីម៉ោងជាង៨យប់ ថ្ងៃអាទិត្យ ទី២៤ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហាណូយ ខាងមុខវត្តឃ្មួញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ តេង លុច្ស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅឯខេត្តកំពង់ចាម។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃេីញយុវជនរងគ្រោះបេីកបរម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ក្រហម គ្មានស្លាកលេខ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូងពីទំនប់កប់ស្រូវឆ្ពោះទៅផ្សារដីហុយយ៉ាងលឿន។
ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ក្រហម មិនចាំស្លាកលេខ បានបេីកមកពីក្រោយស្របទិសគ្នា យ៉ាងលឿន ព្យាយាមបេីកវ៉ាជែងខាងស្តាំម៉ូតូរបស់ជនរងគ្រោះលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តក៏បត់ឆ្វេងត្រលប់ក្រោយវិញដោយមិនបានស៉ីញ៉ូរភ្លេីងជាសញ្ញានោះទេ។ ភ្លាមនោះធ្វេីឲ្យអ្នកបើកម៉ូតូរងគ្រោះវ៉ាក់អេីចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង ចំណែករថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរក៏បានស្រាវជ្រាវនិងទាក់ទងទៅរកសាច់ញាតិសព យុវជនរងគ្រោះឲ្យបានដឹង។ បន្ទាប់មកក៏មានសាច់ញាតិប្រុសស្រី៥ទៅ៦បានបេីករថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2T-4255ចុះមកដល់កន្លែងកើតហេតុ ។
ខណៈពេលនោះបែរជាបុរសម្នាក់ដែលត្រូវជាពូរបស់រងគ្រោះ បានមកទាមទារសម្ភារៈរបស់ជនរងគ្រោះពីសមត្ថកិច្ចដកហូតរក្សាទុក ថែមទាំងនាំគ្នាលេីកបី សពរងគ្រោះយកទៅដាក់លេីរថយន្តរួមជាមួយម៉ូតូជនរងគ្រោះដេីម្បីយកសពយុវជនរងគ្រោះទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯផ្ទះ។
ដោយមិនព្រមអោយសមត្ថកិច្ចធ្វើឯកសារប្រគល់ម៉ូតូនិងសពយុវជនរងគ្រោះតាមនីតិវិធីទេ ទោះបីជាសមត្ថកិច្ចជំនាញខំព្យាយាមពន្យល់យ៉ាងក៏ដោយ ក៏បុរសដែលជាពូនៅតែមិនព្រម និងស្រែកអោយសមត្ថកិច្ចថា”បានប្រយោជន៍អីបេីរថយន្តបង្កបេីករត់បាត់ទៅហេីយនិង”រួចក៏បេីករថយន្តដឹកសព យុវជនរងគ្រោះចេញពីកន្លែងកេីតហេតុ៕
ដោយ៖ ជ្រោយពេជ្រ