ភ្នំពេញ៖ ដូចក្តីរំពឹងទុកកាលពីពេលកន្លងមក តារាសម្តែង និងចម្រៀងហេង ពិសិដ្ឋ ទទួលបានការងារសិល្បៈច្រើនជាបន្តបន្ទាប់ក្រោយពីប្រកាសវិលចូលប្រឡូកក្នុងអាជីពសិល្បៈពេញទំហឹង។ ក្រៅពីបន្ថែម កាងារជាពិធីករក្នុងកម្មវិធីតូចធំនោះតារាវ័យក្មេងរូបនេះបាននឹងកំពុងពង្រីកលើមុខជំនួញ បើកដំណើរការហាងអាហារដ្ឋានមួយកន្លែងថ្មីមួយបន្ថែមទៀតលើកជំនួញដែលមានស្រាប់ ។
អតីតបេក្ខភាពប្រឡូង Freshie Girl &Boy កាលពីអំឡុងឆ្នាំ២០០៩ហេង ពិសិដ្ឋបញ្ជាក់ថាបច្ចុប្បន្នលោកមមាញឹកច្រើនជាមួយនឹងការងារសិល្បៈ ប៉ុន្តែលោកនៅតែមិនបោះបង់ចោលក្តីស្រម៉ៃក្នុងការពង្រីកមុខជំនួញហើយបានបើកស្តង់អាហារដ្ឋានថ្មីមួយកន្លែងទៀតឈ្មោះថា Yum Thai នា Cheers Plazaនៅសង្កាត់បឹងកក់២ខណ្ឌទួលគោកដែលចាប់បើកដំណើរការចាប់ពីថ្ងៃទី១១ធ្នូនេះទៅ ។
អ្នកគ្រប់គ្រងទូទៅនៃហាងការ៉េម To To រូបនេះបញ្ជាក់ថា លោកមិនមានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងហាងដិតដល់មែនប៉ុន្តែនៅហាងលោកមានចុងភៅនិងអ្នកត្រួតពិនិត្យត្រឹមត្រូវដែលមិនឲ្យលោកបារម្ភច្រើន។ លោកមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់សម្រាប់ការបន្ថែមមុខជំនួញនេះទេ ប៉ុន្តែលោកលើកឡើងថាCheers Plaza ប្រមូលផ្តុំដោយអាហារដ្ឋានដែលមានបម្រើអាហារសម្បូរបែបស្ទើរគ្រប់មុខហើយស្តង់លោកមានបម្រើអាហារពិសេសបែបថៃដែលមានចុងភៅជំនាញក្នុងការធ្វើម្ហូបហើយទីនេះនឹងបម្រើអាហាសម្រាប់អ្នកសម្រាកពីការងារចាប់ពីម៉ោង៥រសៀលដល់ពាក់កណ្តាលអាធ្រាទ ។
សិល្បករដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅប្រទេសម៉ាឡេស៊ី រូបនេះបញ្ជាក់ដែរថា លោកមិនបញ្ចប់ពង្រីក្តីស្រម៉ៃក្នុងការក្លាយជាអ្នកសិល្បៈ និងអ្នកជំនួញត្រឹមនេះទេគឺលោកក៏គ្រោងនឹងពង្រីកអាហារដ្ឋានបែបនេះនៅតំបន់សំខាន់ពីរផ្សេងទៀតនៅពាក់កណ្តាលឆ្នាំក្រោយនេះផងដែរ ។ ទោះបីជាការងារមុខជំនួញមមាញឹកក្តីក៏លោកនៅតែមិនបោះបង់ចោលការងារសិល្បៈដែលខណៈដែលការងារនេះកំពុងតែសម្រុកចូលជាបន្តបន្ទាប់។ ក្នុងរយៈពេលចុងក្រោយនេះទីផ្សារកាងារសិល្បៈលោកកាន់តែរីកចម្រើនព្រោះតែអ្នកផលិតនិងគ្រប់គ្រងកម្មវិធីសិល្បៈជាច្រើនបានផ្តល់ឱកាសសម្រាប់លោក ។
លោកបញ្ជាក់ថា សូម្បីតែការងារជាពិធីករក៏លោកទទួលបានការគាំទ្រច្រើនពីអ្នកផលិតកមុ្មវិធីនិងទស្សនិកជន ផងដែរ។លោកបញ្ជាក់ថា ដោយសារទីផ្សារការងារសិល្បៈបច្ចុប្បន្នតម្រូវឲ្យសិល្បករចេះច្រើនទម្រង់សិល្បៈមានការច្រៀង រាំ សម្តែង និងជាពិធីករផងដែរនោះទើបលោកសម្រេចចិត្តហ្វឹកហាត់ជំនាញសិល្បៈថ្មីបន្ថែមដើម្បីពង្រីកទីផ្សារ និងតម្រូវចិត្តទស្សនិកជន ។
ក្រៅពីគម្រោងពង្រីកមុខជំនួញឲ្យកាន់តែធំនិងដំណើរការល្អជាងមុនលោកក៏មានបំណងក្លាយជាអ្នកផលិតកម្មវិធីទូរទស្សន៍ម្នាក់ផងដែរ ហើយពេលនេះលោកបាននឹងកំពុងរៀបចំផែនការទាំងឡាយដោយល្អិតល្អន់ដើម្បីប្រាកដថា នឹងអាចជំរុញក្តីសុបិន្តរបស់លោកឲ្យកាន់តែខិតជិតកៀកខ្លួន ៕
ដោយ៖ វឌ្ឍនា