លិខិតមិត្តអ្នកអាន៖ សកម្មភាពឆក់តាមផ្លូវថយចុះ ក្រោយបំបែកសម្បុកគ្រឿងញៀននៅរ៉ក់

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កត់សម្គាល់តាមរយៈបណ្តាញផ្សព្វផ្សាយនានា ឃើញថា សកម្មភាពចោរឆក់តាមដងផ្លូវមួយរយៈចុងក្រោយនេះ ហាក់ដូចជាថយចុះជាងមុនបន្តិច បន្ទាប់ពីអាជ្ញាធរមានសមត្ថ​កិច្ចបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ។ មិនដឹងថា តើប្រជាពលរដ្ឋដទៃទៀតនៅក្នុងទីក្រុងមួយនេះកត់សម្គាល់ដូចខ្ញុំបាទដែរឬយ៉ាងណានោះទេ? តាមការកត់សម្គាល់ នេះបញ្ជាក់ថា បញ្ហាឆក់នៅរាជធានីភ្នំពេញ ភាគច្រើនលើសលប់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ។ មានន័យថា ពួកអ្នកឆក់ធ្វើសកម្មភាពបាន យកលុយទៅទិញថ្នាំញៀនប្រើប្រាស់ ហើយមជ្ឈមណ្ឌលកម្សាន្តរ៉ក់ គឺជាទីតាំងនៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។
ដើម្បីរួមចំណែកកាត់បន្ថយអំពើឆក់ប្លន់ អាជ្ញាធរត្រូវលុបបំបាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀនឲ្យខាងតែបាន ។ តាមការតក់សម្គាល់អំពើឆក់ ប្លន់ បានកើតឡើងរីករាលដាលដល់ទីជនបទ ក៏ព្រោះតែនៅទីជនបទនោះ ក៏មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែរ ។ ដូច្នេះ និយាយឲ្យខ្លី ទីណាមានការជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន ទីនោះពិតជាមានអំពើឆក់ប្លន់មិនខានឡើយ ។ ក្រៅពីនោះ វាក៏អាចឲ្យមានអំពើហិង្សាផ្សេងៗទៀតនៅក្នុងគ្រួសារផងដែរ ។ និយាយរួមទៅ គ្រឿងញៀនជាឫសគល់ឲ្យមានបញ្ហានៅក្នុងសង្គម ដូចជាអំពើឆក់ប្លន់ និងអំពើហិង្សាជាដើម ។ ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរត្រូវបង្ហាញសុឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបគ្រឿងញៀន ។
នៅរាជធានីភ្នំពេញ សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតែបន្តកើតមានទាំងលួចលាក់ និងបើក​ចំហរ ។ អាជ្ញាធរមានសមត្ថកិច្ចបានប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀននោះដែរ ប៉ុន្តែហាក់ដូចជាមិនទាន់គ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយនៅឡើយ ។ នៅមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលពួកឈ្មួញកំពុងធ្វើសកម្មភាពនៅពេលដែលសមត្ថកិច្ចចន្លោះប្រហោង ។ ដូច្នេះ វិធានការជាបន្ត គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវបង្ក្រាបឲ្យអស់ចំពោះទីតាំងនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីរួមចំណែកផ្តល់សុវត្ថិភាព សន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ។ ប្រសិនបើនៅតែបណ្តែតបណ្តោយឲ្យមានទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនទៀតនោះ អំពើអសកម្មក្នុងសង្គម ដូចជាចោរឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ នៅតែបន្តកើតមានដដែល ៕ ប្រជាពលរដ្ឋម្នាក់ 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print