ភ្នំពេញ ៖ នគរបាលខេត្តត្បូងឃ្មុំមួយរូប ត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញប្រេីហិង្សាវាយមួយអាយឌី បណ្តាលអោយរយះបែកសៀតថ្កាខាងស្តាំហូរ ឈាមស្រោចមុខ ថែមទាំងបានដកយកសោរថយន្តរត់គេចខ្លួនបាត់ ប៉ុន្តែជនរងគ្រោះបានថតបក្ខពួកម្នាក់ទៀត ដែលកំពុងអង្គុយលើម៉ូតូ ដើម្បីទុកជាភស្តុតាង ចាត់តាមការ ផ្លូវច្បាប់ ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះបញ្ជាក់ថា ហេតុការណ៍នេះកេីតឡេីងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បង្កឡើងដោយកម្លាំងសន្តិសុខ មានឯកសណ្ឋានប្រជាការពារ ខណ្ឌ មានគ្នា២នាក់ ជិះម៉ូតូដើរជំរិតទារលុយពីរថយន្តអ្នកធ្វើដំណើរចំនួន៥០,០០០រៀល មិនបានក៏ប៉ះពាក្យសម្តីគ្នាបន្តិចបន្តួចឈានដល់ប្រើអំពើហិង្សា ។
តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ សួន បូណា ជាមន្ត្រីប៉ូលិស ខេត្តត្បូងឃ្មុំ បានសុំច្បាប់ពីអង្គភាពរបស់ខ្លួន ដើម្បី មកមើលគ្រួសាររបស់លោកកំពុងមានជំងឺនៅភ្នំពេញ ។ ជនរងគ្រោះថា បានធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន មកដល់ពាក់កណ្តាលផ្លូវ ក៏មានលោកយាយ លោកតា២នាក់ប្តីប្រពន្ធ បក់ដៃសុំរថយន្តជិះ គាត់ក៏ឈប់រថយន្តឱ្យពួកគាត់រួមដំណើរជាមួយ ។ លុះមកដល់ម្តុំរបងស្តាតចាស់ មានចំងាយពីរង្វង់មូលស្ពានជ្រោយចង្វារ៣០០ម៉ែត្រ ទល់មុខធនាគារ ABA លោកយាយ លោកតា បានសុំចុះពីលើរថយន្ត ហើយបានថ្លែងនូវពាក្យថា សូមអរគុណម្ចាស់រថយន្ត ដោយមិនបានយកលុយកាក់ពីពួកគាត់ទេ ខណៈលោកមិនបានចុះពីលើរថយន្តរបស់លោកដែរស្រាប់តែមកមានមនុស្ស២នាក់ ក្នុងសម្លៀកពាក់ជាឯកសណ្ឋាន ប្រជាការពារមកឡើងអង្គុយលើរថយន្តរបស់គាត់ ។
លោក សួន បូណា ដែលអះអាងថាបានជាជនរងគ្រោះ បានសួរទៅកាន់ប្រជាការពារខណ្ឌថា មានការអ្វី ? មនុស្សដែលមានឯកសណ្ឋានប្រជាការពារនោះឆ្លើយថា មកទារលុយថ្លៃឈប់ឡានចំនួន ៥០,០០០រៀល លោក សួន បូណា ឆ្លើយថា ខ្ញុំមិនមែនអ្នករត់តាក់សុីទេ ហើយក៏គ្មានលុយបង់ដែរ លោក សួន បូណា ស្នើរឱ្យគាត់ចុះពីលើរថយន្តរបស់គាត់ ហើយមនុស្សដែលមានឯកសណ្ឋានប្រជាការពារនោះ មានការខឹងយ៉ាងខ្លាំង ក៏ស្ទុះទៅដកសោររថយន្តពីលោក និងវាយលោកមួយ IDI ធ្វើឱ្យបែកសៀតផ្កាខាងស្តាំហូរឈាម ស្រោចខ្លួន ពេលនោះជនដៃដល់បានយកទាំងសោរឡានរត់គេចខ្លួនបាត់ នៅសល់តែបក្ខពួកម្នាក់ទៀត ដែលកំពុងអង្គុយលើម៉ូតូ លោក សួន បូណា បានយកទូរសព្ទដៃថតរូបពួកគេ ដើម្បីទុកជាភស្តុតាង។
លោក សួន បូណា បានបញ្ជាក់ថា នៅក្រោយពេលកេីតហេតុ លោកបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរកយុត្តិធម៌ជូនលោក ៕ ដោយ ៖ វណ្ណៈ