រកឃើញមូលហេតុច្បាស់លាស់ហើយ ករណីបាញ់ស្លាប់អ្នកបើករថយន្តនៅព្រៃវែង 

ចែករំលែក៖

ភ្នំពេញ ៖ ករណីបំផ្ទុះអាវុធដោយមន្ត្រីនគរបាលដែលបណ្តាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅចំណុច ភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បានបិទបញ្ចប់ក្រោយមនុស្សសង្ស័យពាក់ព័ន្ធទាំងអស់ បានចាប់ខ្លួន។ យោងតាមគេហទំព័រសម្តេចក្រឡាហោមសខេងថ្ងៃទី២៧មីនានេះ មន្ត្រីនគរបាល២រូបដែលជាប់ ពាក់ព័ន្ធការបាញ់ធ្វើអោយមនុស្សស្លាប់ ឈ្មោះជឹមរតនៈ និងជឹម វិន ត្រូវបានបញ្ជូនទៅតុលាការដើម្បីកាត់ទោស ចំណែកមេប៉ុស្តិ៍នគរបាលឈ្មោះ ជាឡាឌីន បានទទួលពិន័យដកមុខតំណែងជាមេប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវ បន្ត។

ជនស៊ីវិល៣នាក់ ដែលជាប់ពាក់ព័ន្ធ ត្រូវបានបញ្ជួនទៅតុលាការពីបទចោទប្រកាន់ផ្តល់សក្ខីកម្មមិនពិត។ ចំណែកជនស៊ីវិល៤នាក់ដទៃទៀត ដែលរងការឃាត់ខ្លួនមុននេះ បានដោះលែងជាមួយការធ្វើកិច្ចសន្យាអោយ វិលត្រឡប់មកធ្វើជាសាក្សីវិញពេលណាដែលសមត្ថកិច្ចត្រូវការ។

រឿងពាក់ព័ន្ធនឹងការបាញ់ប្រហារដោយចោទថាជាចោរលួចឡាននោះ ត្រូវសម្តេចក្រឡាហោមសខេង បាន បញ្ជាក់ថាគឺជារឿងខ្វែងគំនិតគ្នាក្នុងការរកស៊ី រវាងឈ្មោះយ៉ន រ៉ាវុទ្ធ និងឈ្មោះសេងឈិន។ ឈ្មោះយ៉ន រ៉ាវុទ្ធ ដែលត្រូវគេបាញ់សម្លាប់នោះ បានយកប្រាក់៣ពាន់ ដុល្លារពីឈ្មោះ សេងឈិន ទៅលស់យករថយន្តរបស់ គាត់ដែលដាក់បញ្ចាំដើម្បីធ្វើការរកស៊ីជាមួយគ្នា។ រថយន្តនោះ បានជួល អោយជនជាតិចិនរយៈពេល៣ខែដោយ មួយខែទទួលបានប្រាក់៤៥០ដុល្លារចែកគ្នាស្មើដោយម្នាក់់ៗ ទទួលបាន ២២៥ដុល្លារ។

នៅថ្ងៃកើតហេតុនោះ ដោយសារតែរថយន្តខូច និងដោយសារតែការខ្វែងគំនិតគ្នាផង នោះ ឈ្មោះយ៉ន រ៉ាវុទ្ធ បានយករថយន្តនោះមកជួសជុល ដែលជាមូលហេតុនាំអោយឈ្មោះសេង ឈិន ចោទ ថាជាករណីលួចឡាន និងបានទាក់ទងទៅសមត្ថកិច្ចអោយតាមចាប់។

សម្តេចក្រឡាហោមសខេង ដែលបានសន្យាថានឹងរកយុត្តិធម៌ជូនជនរងគ្រោះនោះ បានថ្លែងក្នុងគេហទំព័រថា សម្តេចសង្ឃឹមថាសេចក្តីសម្រេចរបស់តុលាការ នឹងផ្តល់យុត្តិធម៌ជួនគ្រួសារសពក៏ដូចជាក្រុមគ្រួសារដែលមាន ការពាក់ព័ន្ធ។ នៅថ្ងៃទិ២៧មីនានេះផងដែរ សេចក្តីរាយការណ៍ពីខេត្តព្រៃវែង បានអោយដឹងថាជនសង្ស័យដែល ជាប់ពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជួនទៅតុលាការក្នុងការរកយុត្តិធម៌ជួនជនរងគ្រោះនោះហើយ ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print