ភ្នំពេញ៖ មុននេះបន្តិច ក្មេងស្រី យិន ម៉ាណា ដែលជាអ្នកបើករថយន្ត Range Rover មិនទាន់គ្រប់អាយុបើកបរ និងបុកនិស្សិតឆ្នើមឈ្មោះ ឌុំ រីដា ស្លាប់នោះ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច រាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។
ករណីនេះមហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា និងទទូចអោយសមត្ថកិច្ចចាត់វិធានការ នាំខ្លួនបង្កនេះមកទទួលខុសត្រូវចំពោះមុខច្បាប់។
សូមរំលឹកថា៖ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ ដោយនាង មានឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច ដែលបានលាក់ខ្លួន រយៈពេល៣ថ្ងៃមកហើយ ដោយឱ្យឪពុកចេញដោះស្រាយជំនួស។ ទើបមកបង្ហាញខ្លួន បន្ទាប់ពីនាងត្រូវក្រុមគ្រួសារអះអាងថា កំពុងមានរោគភ័យខ្លាចសមត្ថកិច្ច៕
ដោយ៖ សហការី