ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញម្នាក់ដែលធ្លាប់តែឃើញគេសាងសង់រោងបុណ្យ រោងការ ឬពិធីផ្សេងៗនៅលើផ្លូវមុខផ្ទះតែងបង្កផលលំបាកដល់ប្រជាពលរដ្ឋយើងធ្វើដំណើរឆ្លងកាត់នោះ គឹរមែងទុកផ្លូវបានធំបន្តិចងាយស្រួលធ្វើដំណើរ ។ ចម្លែកអីតែ រោងការដែលឃើញក្នុងរូបនេះ គេទុកផ្លូវសឹងមិនដល់ពីរម៉ែត្រឲ្យប្រជាពលរដ្ឋធ្វើដំណើរយ៉ាងលំបាក ជាពិសេសអ្នកជិះរថយន្តត្រូវស្ទះចរាចរណ៍រាប់ម៉ោង ព្រោះរោងការនេះគ្មានដាក់កម្លាំងជួយធ្វើចរាចរណ៍ផងនោះ ។
រោងការមួយនេះសង់តាំងពីល្ងាចថ្ងៃទី១១ដល់ថ្ងៃ១៣ធ្នូឆ្នាំ២០១៥ ទើបរើចេញគឺស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦៥ ចេញពីផ្លូវឧកញ៉ាទេពផនទៅកាន់ផ្សារសំណង់១២ ជិតផ្ទះតាលាង ប្រធានភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែល អ្នកនៅម្តុំនោះនិយមហៅថាប្រធានភូមិអ្នកមាន ព្រោះគាត់បើកហាងខារ៉ាអូខេធំស្កឹមស្កៃយីហោ ឌឹមូន ជិតនឹងរោងការនេះដែរ ។ ខ្ញុំមិនដឹងថា រដ្ឋអំណាចមូលដ្ឋានអនុញ្ញាតឲ្យគេសង់រោងការប្រវែងជាង២០ម៉ត្រទុកផ្លូវនៅតូចចង្អៀតនេះយកភ្នែកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដែរឬយ៉ាងណានោះទេ បានជាចេះតែបិទភ្នែកយ៉ាងនេះ ជាពិសេសលោកមេភូមិ១៣ និងលោកចៅសង្កាត់តែម្តង ។
និយាយបែបនេះមិនមែនមានន័យថាខ្ញុំមិនយល់ មិនអធ្យាស្រ័យដល់អ្នកដើមការ ព្រោះធ្វើម្តងម្កាល ឬ ម្តងគេ ម្តងយើងពេលមានរវល់ចៀសមិនផុតធ្វើរោងការនៅផ្លូវមុខផ្ទះនោះទេ ប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញសូមមើលក្នុងរូបថតនេះទៅមើលតើរថយន្តមួយគ្រឿងនេះធ្វើដំណើរឆ្លងកាត់ផ្លូវ២៦៥សល់ពីធ្វើរោងការនេះយ៉ាងម៉េចដែរ ? តើមានបុគ្គលិកសន្តិសុខជួយធ្វើចរាចរណ៍ទេ ?