នៅពេលដែលពិភពលោកកំពុងផ្តោតទៅលើការវាយប្រហារក្រុម​IS អាមេរិកបែរជាបញ្ជូន​នាវា​ផ្ទុក​យន្តហោះបំបាំងកាយទៅជប៉ុន

ចែករំលែក៖

នៅពេលដែលពិភពលោកកំពុងផ្តោតអារម្មណ៍ទៅលើការវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋ​IS អាមេរិកបែរជាស្ងាត់ៗបញ្ចូនសព្វាវុធជាច្រើនមកតំបន់អាស៊ីុដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន​ទៅវិញ។ ការដែលអាមេរិកមកកាន់អាស៊ីុបានដោយគ្មានការខ្វាយខ្វល់ ដោយសារតែអាមេរិក​បានប្រគល់តួនាទីវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋ​និងទប់ទល់ជាមួយរុស្សីឲ្យទៅសម្ព័ន្ធមិត្ត​ជា​អ្នកទទួលខុសត្រូវក្នុងនោះមានអាល្លឺម៉ង់ បារាំង អង់គ្លេស និងប្រទេសជាច្រើនទៀត​តំបន់​អឺរ៉ុប។

គោលដៅរបស់អាមេរិកនិងសម្ព័ន្ធមិត្តនៅតំបន់មជ្ឈឹមបូព៌ាគឺអូសបន្លាយពេលវេលាដើម្បីធ្វើ​ឲ្យរុស្ស៊ី​ដែលជាសត្រូវពិតប្រាកដរបស់លោកខាងលិច​ត្រូវជាប់ផុងនៅក្នុងសង្គ្រាមប្រឆាំង​IS ទើប​អាចធ្វើឲ្យរុស្ស៊ីត្រូវថមថយកម្លាំងជាងមុន មិនអាចគម្រាមកំហែអដល់អាមេរិកបាន។ ទាំង​នោះហើយអាចធ្វើឲ្យរុស្ស៊ីត្រូវចំណាយប្រាក់ជាច្រើនថែមទៀតនៅក្នុងសង្គ្រាម ក្នុងពេលដែល​រុស្ស៊ីទទួលរងការខាតបង់ជាច្រើនដោយសារតែការដាក់ទណ្ឌកម្មពីលោកខាង​លិចជុំវិញវិបត្តិ​នៅក្នុងប្រទេសអ៊ុយក្រែន។ ទាំងនោះហើយជាយុទ្ធសាស្ត្ររបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ីដែលមានបំណងចង់​ដណ្តើមមហាអំណាចទីមួយពីអាមេរិក។ សកម្មភាពរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី កំពុងតែធ្វើឲ្យប្រទេសនេះបរាជ័យដោយមិនចាំបាច់វាយប្រហារ ។

មួយវិញទៀតអាមេរិកមានពេលវេលាគ្រប់គ្រាន់សម្រាប់បញ្ចូនកម្លាំងទាហាននិងសព្វាវុធរបស់ខ្លួនទៅកាន់តំបន់អាស៊ីុទប់ទល់ជាមួយចិន ហើយរុស្ស៊ីមិនអាចទៅជួយប្រទេសណាមួយផ្សេង​ទៀតបានឡើយក្រៅពីការពារខ្លួនឯង និងវាយប្រហារទៅលើក្រុម​IS បើរុស្ស៊ីមិនអាចយកឈ្នះ​ក្រុមអាយអែសទេនោះរុស្ស៊ីនឹងត្រូវប្រឈមនៅបញ្ហាជាច្រើនទៀតប៉ះពាល់ដល់សន្តិសុខជាតិគឺការវាយប្រហារបកវិញពីក្រុម​IS ។ ​ប៉ុន្តែសង្គ្រាមវាយប្រហាររបស់រុស្ស៊ីទៅលើក្រុម​IS ពេល​ណា​អាចបញ្ចប់ ១ឆ្នាំ ២ឆ្នាំឬ​១០ឆ្នាំខាងមុខទៀត​ ដូចការវាយប្រហាររបស់​អាមេរិកទៅលើ​ក្រុមតាលីបង់និងអាលកៃដានៅអាហ្វហ្គានិស្ថានជាដើម មកទល់ពេលនេះ​ជិត​១៥ឆ្នាំហើយ ក្រុមតាលីបង់និងអាលកៃដានៅតែខ្លាំងដដែល។

ចំពោះការវាយប្រហាររបស់លោកខាងលិចទៅលើក្រុម​IS នោះត្រូវបានអ្នកវិភាគមួយ​ចំនួន​ចាត់ទុកថាជាការសម្តែងតែប៉ុណ្ណោះ ដោយមិនអាចទុកឲ្យរុស្ស៊ីវាយប្រហារតែម្នាកឯង​ អាចកម្ចាត់ក្រុម​IS បានក្នុងពេលដ៏ខ្លី ដូច្នេះការវាយប្រហាររបស់លោកខាងលិចគឺជាការរា​រាំង​ដល់សកម្មភាពរបស់រុស្ស៊ី ហើយការវាយប្រហារនោះលោកខាងលិចបែរជាផ្តល់អាវុធទៅឲ្យ​IS បណ្តើរវាយប្រហារបណ្តើរ ទាំងនោះហើយដែលធ្វើឲ្យសង្គ្រាមវាយប្រហារមិនអាចរកឃើញទី​បញ្ចប់។

នៅពេលនេះអាមរិកអស់ក្តីបារម្ភពីរុស្ស៊ីដោយមានសម្ព័ន្ធមិត្តនាំមុខទប់ស្កាត់នៅទីនោះ អាមេរិកមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចូនកម្លាំងទៅទប់ស្កាត់ប្រទេសមួយទៀតដែលអាចគម្រាម​កំហែងដល់មហាអំណាចអាមេរិកនោះគឺប្រទេសចិន។

អ្នកឯកទេសយោធារបស់ចិនបានប្រកាសថា​អាមេរិកអាចនិងបញ្ចូននាវាផ្ទុកយន្តហោះបំបាំងកាយ​USS Gerald R.Ford ទៅកាន់តំបន់អាស៊ីុប៉ាស៊ីុហ្វិក ដោយនៅលើនាវានោះគឺជាយន្តហោះបំបាំងកាយ សម្រប់ទប់ទល់ជាមួយចិន។

កន្លងមកថ្មីៗ ​អាមេរិក​បាន​ដាក់​ពង្រាយ​យន្តហោះ​ស៊ើុបការណ៍​និង​ល្បាត​ដែន​សមុទ្រ​ មួយគ្រឿង ឲ្យ​ទៅ​នៅ​ប្រចាំការ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ការ​ដាក់​ពង្រាយ​យន្តហោះ​ជំនាញ​ខាង​ដែន​សមុទ្រ​នេះ គឺ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​អាមេរិក​កំពុង​ប្រឈមមុខ​ជាមួយ​នឹង​ចិន នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

យន្តហោះ ​ដែល​សហរដ្ឋ​អាមេរិក​បញ្ជូន​ឲ្យ​ទៅ​ឈរជើង​ប្រចាំការ​នៅ​ក្នុង​ប្រទេស​ សិង្ហបុរី នៅ​ពេលនេះ គឺ​ជា​យន្តហោះ​ធុន P-8 Poseidon ដែល​ជា​ប្រភេទ​យន្តហោះ​ប៊ូអ៊ីង ៧៣៧ កែច្នៃ​ជា​យន្តហោះ​ជំនាញ​ខាង​ស៊ើុបការណ៍​សម្ងាត់ និង​ខាង​ល្បាត​ដែន​សមុទ្រ ហើយ​វា​គឺ​ជា​លើកដំបូងបង្អស់ ដែល​អាមេរិក​ដាក់​ពង្រាយ​យន្តហោះ​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

រដ្ឋមន្រ្តី ​ការពារជាតិ​អាមេរិក និង​សមភាគី​សិង្ហបុរី​បាន​លើកឡើង​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ ចេញផ្សាយ​ក្រោយ​ពី​ជំនួប​នៅ​រដ្ឋធានីវ៉ាសីុនតោនកាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ការដាក់ពង្រាយ​យន្តហោះ P-8 Poseidon នេះគឺ​ជា​ផ្នែក​មួយ​នៃ​ការ​រឹត​បន្តឹត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ អាមេរិក-សិង្ហបុរីហើយ​ធ្វើឡើង​ក្នុងគោលដៅ​ពង្រឹង​ប្រតិបត្តិការ​យោធា​រួមគ្នា​ ទាំង​ប្រតិបត្តិការ​យោធា​ទ្វេភាគី និង​ពហុភាគី​​នៅ​ក្នុង​តំបន់។

ក៏ប៉ុន្តែ មន្រ្តីការទូត​មួយចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​​ ដែល​មិន​បញ្ចេញឈ្មោះ​ បាន​​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការណ៍​ដែល​អាមេរិក​ដាក់​ពង្រាយ​យន្តហោះ​ស៊ើុបការណ៍​និង​ល្បាត​ដែន​សមុទ្រ​ធុន ​ទំនើប​ទៅ​ក្នុង​តំបន់​ក្បែរ​សមុទ្រ​ចិន​ខាង​ត្បូង​បែបនេះ គឺ​ទំនង​ជា​ក្នុងគោលដៅ​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ពី​ជំហរ​រឹងមាំ​របស់​អាមេរិក ក្នុងការ​ប្រឈមមុខ​ជាមួយ​ចិន នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

គួរបញ្ជាក់ឡើងវិញ​ថា ប្រទេស​ដែល​ជាប់ជម្លោះ​ជាមួយចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ សិង្ហបុរី​មិនមាន​ជាប់ជម្លោះ​នេះ​ទេ ក៏ប៉ុន្តែ កូនប្រទេស​តូចមួយនេះ គឺ​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​ជា​ប្រទេស​ដែល​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ពី​ស្ថិរភាព​នៃ​តំបន់​ សមុទ្រ​ចិន​ខាង​ត្បូង ដោយសារ​តែ​តំបន់​នេះ​គឺ​ជា​ច្រក​នាវាចរណ៍​យ៉ាងសំខាន់​បំផុត សម្រាប់​ការ​ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​អន្តរជាតិ ហើយកំពង់ផែ​សិង្ហបុរី​ជាប់ចំណាត់ថ្នាក់​ជា​កំពង់ផែ ដែល​មាន​នាវាពាណិជ្ជកម្ម​ចេញចូល​ច្រើន​ជាងគេ​លំដាប់ទី២ នៅលើ​ពិភពលោក។

ការដែលអាមេរិកបង្កើតកម្លាំងនៅតំបន់អាស៊ីពិសេសគឺការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅក្នុងប្រទេសជប៉ុន នឹងជួយបើកផ្លូវសម្រាប់ការដាក់ពង្រាយកម្លាំងទាហាននៅក្នុងប្រទេសហ្វីលីពីន។ ប៉ទោះបីហ្វីលីពីនមិនទាន់ឯកភាពតែអាមេរិកបានត្រៀមលកខណ​បញ្ចូនកម្លាំងទៅកាន់ទី​នោះក្នុងពេលដែលហ្វីលីពីនត្រូវការ។

ការបញ្ចូននាវាផ្ទុកយន្តហោះថ្មីទៅកាន់ជប៉ុន បានបង្ហាញយ៉ាច្បាស់ថាអាមេរិកមានការព្រួយបារម្ភពីការរីកធំធុតនៃកម្លាំងទាហានចិននៅលើដែនសមុទ្រចិនភាគខាងត្បូងក៏ដូចជានៅភាគខាងកើត ។ បើអាមេរិកមិនអាចទប់ស្កាត់ចិននាពេលនេះទេសនោះនៅពេលអនាគត់ចិននឹងដណ្តើមមហាអំណាចពីអាមេរិកជាមិនខាន៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print