ខេត្តកំពង់ចាម ៖ លោកយាយនិងចៅពីរនាក់ត្រូវបានក្រុមឃាតកចាប់យកទៅអារកសម្លាប់បោះចោលក្នុងព្រៃ ក្រោយផ្ទះប្រមាណ៣៥០ម៉ែត្រ ដែលជំហានដំបូងសមត្ថកិច្ចជំនាញអះអាងបឋមថា ការសម្លាប់មនុស្សកាត់ក្បាលបែបនេះ អាចឃាតកស្គាល់អ្នករងគ្រោះច្បាស់ទើបសម្លាប់បំបិទមាត់យ៉ាងសាហាវដូច្នេះ ខណៈមូលហេតុនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ។
ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ទី០៣ មេសា ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ហើយត្រូវបានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចុះទៅស្រាវជ្រាវតាមប្រមាញ់ក្រុមឃាតករផងដែរ ។
ភាពភ្ញាក់ផ្អើលនេះផ្ដើមឡើងដោយសារកូនស្រីលោក យាយរងគ្រោះនៅពេលមកដល់ផ្ទះរកលោកយាយ និងក្មួយ មិនឃើញក៏ឆ្ងល់ និងចម្លែក ទើបប្ដឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរក ។
បន្ទាប់មកលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកវរសេនីយឯកកែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកដោយ បានឲ្យកម្លាំងសមត្ថកិច្ចតាមរកនៅជុំវិញផ្ទះ ចុង ក្រោយដើរតាមរកក្រោយផ្ទះចម្ងាយប្រមាណ៣៥០ ម៉ែត្របានប្រទះឃើញសពម្តាយបន្តបន្ទាប់ និងចៅត្រូវបានឃាតករកាត់ក្បាលបាត់ទាំងពីរនាក់ ។
ក្រោយមកទៀត សមត្ថកិច្ចបានហ៊ុំព័ទ្ធកន្លែងកើតហេតុ និងបានរង់ចាំនគរបាលបច្ចេកទេសចុះមកពិនិត្យសពតាមការសន្និដ្ឋានសពអាចត្រូវបានក្រុមឃាតករអូស យកទៅក្រោយផ្ទះ សម្លាប់តាំងពីយប់ ថ្ងៃទី០២ មេសា ២០១៩ រហូតមកដល់ថ្ងៃទី០៣ មេសា បាននាំគ្នាតាមរកក៏ប្រទះសពយាយ និងចៅនៅក្រោយផ្ទះ ។
លោកវរសេនីយឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរបញ្ជាក់ថា ករណីសម្លាប់កាត់ក្បាលដ៏សាហាវខាងលើនេះ ជាអំពើឃាតកម្មសម្លាប់បំបិទមាត់រហូតមកដល់វេលាម៉ោង៤រសៀលទៅហើយក្បាលរបស់យាយ និងចៅស្រីនោះ មិនទាន់រកឃើញនៅឡើយទេ ។
កម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងបន្តរុករកក្នុងព្រៃជុំវិញកន្លែងកើតហេតុ ហើយបានបញ្ជាក់តម្រុយថា ការសម្លាប់មនុស្សកាត់ក្បាលបែបនេះ អាចឃាតករស្គាល់អ្នករងគ្រោះច្បាស់ទើបសម្លាប់បំបិទមាត់យ៉ាងសាហាវដូច្នេះ ។
តាមប្រភពសមត្ថកិច្ចឲ្យដឹងថា សពយាយ និងចៅស្រីនោះមាន១-ឈ្មោះ វង្ស អូន អាយុ៥៦ឆ្នាំ និងចៅស្រី ឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិរងគ្រោះបានតាមរកឃើញនៅ ក្នុងព្រៃចំការ ស្វាយចន្ទីក្រោយផ្ទះ ដោយសពនៅឆ្ងាយពីគ្នា ចំណែកក្បាលយាយ និងចៅរហូតមកដល់វេលាម៉ោង៤រសៀល ទៅហើយនៅមិនទាន់រកឃើញនូវឡើយទៀត៕
ដោយ ៖ វណ្ណៈ