ភ្នំពេញ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ មន្ដ្រីអធិការកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ សំដៅការទប់ស្កាត់ អំពើពុករលួយ ព្រោះ អំពើពុករលួយធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរ ណាស់ដល់ប្រទេសជាតិ។មន្ដ្រីអធិការកិច្ចទាំងអស់ ត្រូវបន្ដអនុវត្តតាមស្ថាប័ន និងអង្គភាពនានាជាប្រចាំដែលនេះជាភារកិច្ចដ៏សំខាន់ទាក់ទង នឹងការពង្រឹងការអនុវត្តន៍ច្បាប់សំដៅធានាប្រឆាំងអំពើពុករលួយការរំលោភដោយ អំណាច និងបាតុភាពអសកម្មនានា នៅក្នុងជួររដ្ឋបាលសាធារណៈ ក៏ដូច ជាផ្នែកមិនមែនរដ្ឋ ដើម្បីធានាការប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារ សុវត្ថិភាព សាធារណៈ និង ការពារសិទ្ធរបស់ប្រជាពលរដ្ឋ។ លោកជំទាវ កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញបែប នេះ ខណៈលោកជំទាវ ជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបការងារ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្រាប់អនុវត្ដការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នំា២០១៩នៅសណ្ឋាគារ សុខាភ្នំពេញ ជ្រោយចង្វារ កាលពីថ្ងៃព្រហស្បតិ៏ ១៥រោច ខែមេសា ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នំា២០១៩ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ថ្ងៃនេះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធិសភាព និងអធិការកិច្ច បានបើកសន្និបាតនេះ មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងបានសម្រេចក្នុងឆ្នាំ២០១៨កន្លងមក និងដាក់ចេញនូវវិធានការណ៍ទិសដៅថ្មីៗ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៩ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបំរើប្រជាជន លើវិស័យការងារ ទំនាក់ទំនង សម្របសម្រួលជាមួយរដ្ឋសភា ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច ការទទួល និងដោះស្រាយបណ្តឹងនានា សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូល។
លោកស្រី ម៉ែន សំអន បានជំរុញឲ្យមន្ដ្រីអធិការកិច្ចត្រូវ បន្ដតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាចបំរើប្រយោជន៍បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធរបស់ពលរដ្ឋ ពិសេសបានផ្តោតទៅលើមធ្យោបាយជាសារវន្ត័ចំនួន៣ គឺ៖ ការអប់រំបង្ការទប់ស្កាត់ជាមុន ការអនុវត្តច្បាប់ និងការចូលរួមពីមហាជន ។ កត្តាទាំងអស់នេះ ជាការរួមចំ ណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រ ចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
តាមរបាយការណ៏ ឲ្យដឹងពី លោក បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច ថា៖ ជាលទ្ធផលសកម្ម ភាព ការងារក្នុងឆ្នាំ២០១៨ ក្រសួងបានអនុវត្ដការងារ តាមជំនាញរបស់ខ្លួន ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៥-២០១៩ ក៏ដូចជាការបន្តអនុវត្តន៍ទៅមុខទៀត ក្នុងនោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្តេជ្ញាចិត្តចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលនឹងត្រូវអនុម័តនាពេលខាងមុខ ដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយមានកំណត់នូវអាទិភាព សូចនាករ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់ សម្រាប់អនុវត្ត និងយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្អែកលើកលទ្ធផលការងារ ព្រមទាំងមានកំណត់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន ទៅតាមមុំ ឬវិស័យនីមួយៗ ឲ្យទទួលបានជោគជ័យទៅតាមផែនការ។
លោក បន្ដថា៖ ជាសមិទ្ធផលឆ្នាំ២០១៨កន្លងទៅ ជាលទ្ធផល ដែលបានកើតចេញពីការចូលរួមរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកិច្ចសហការណ៍ពីបណ្តាស្ថាប័នពាក់ព័ន្ធនានា ដែលសុទ្ធតែជាតួអង្គសំខាន់ៗមិនអាចខ្វះបាន ។ វឌ្ឍនៈភាព នៃការងារគ្រប់ផ្នែករបស់ក្រសួង ពិតជាបានរួមចំណែក ដ៏សំខាន់ក្នុងការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព ក្រោមការងារដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ឆ្លងតាមរយៈសន្និបាតនេះ មន្ដ្រីអធិការកិច្ចទាំងអស់ ត្រូវអនុវត្ដនិងគោរពកធំភារកិច្ចរបស់ខ្លួនឲ្យមាន ប្រសិទ្ធភាព ដូចជា ទី១ត្រូវពង្រឹងប្រសិទ្ធិភាព កិច្ចការទំនាក់ទំងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់ ។ ទី២ ត្រូវពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ។ ទី៣ត្រូវពង្រឹងប្រសិទ្ធិភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹងឲ្យបានទាន់ពេលវេលា ។ ទី៤ត្រូវអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ចឲ្យបានល្អបន្ថែមទៀត ៕