ភ្នំពេញ ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ដឹកនាំអង្គប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ ។
យោងតាមលិខិតរដ្ឋបាលរាជធានីភ្នំពេញចុះនៅទី១ ខែមេសា ឆ្នាំ២០១៩កន្លងទៅ បានប្រកាសចេញសេចក្តីជូនដំណឹងដល់សាធារណៈជនចំនួន៣ចំណុច ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈនៅក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នា ពេលខាងមុខនេះ មានដូចខាងក្រោមនេះ ៖
១-ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ
២-ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រានចរន្ត អគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ ។
៣-ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទនិងជៀសវាងដាច់ខាតការលេងបាញ់ទឹកជះទឹក គប់ស្បោងទឹ លាប ធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬសវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះ ប្រដេញគ្នាលេង នៅ តាមដងផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ គ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជា កុល បុត្រកុលធីតាខ្មែរ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឲ្យមាន ប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឲ្យប៉ះពាល់ ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈក្នុងរាជធានីភ្នំពេញ ៕ ដោយ ៖ ស សម