ខេត្ដកំពត៖ សហព័ន្ធកីឡាទូកក្ដោង កម្ពុជាទទួលបានការជួយឧបត្ថម្ភពីប្រទេស សិង្ហបុរីនូវទូកក្ដោងចំនួន១១ក្នុងនោះ មានទូកក្ដោងធំ១គ្រឿងហើយក៏ទទួល បានគ្រូបង្ហាត់ទូកក្ដោងមកពីប្រទេសនេះម្នាក់ហើយសហព័ន្ធក៏បានបើកវគ្គបណ្ដុះបណ្ដាលដល់ទាហានជើងទឹក១០នាក់ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះដំបូងឆ្ពោះទៅ រកការអភិវឌ្ឍវិស័យកីឡាទូកក្ដោង កម្ពុជាសម្រាប់ចូលជាសមាជិកអចិន្ដ្រៃយ៍ របស់សហព័ន្ធកីឡាទូកក្ដោងអាស៊ី និង សហព័ន្ធកីឡាទូកក្ដោងអន្ដរជាតិដើម្បី ដាក់ចូលទៅក្នុងប្រភេទកីឡាអូឡាំពិក នាថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ ។
លោក ចេង រ័ត្នស័ក្ដិ ប្រធានស្ដីទី សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានឱ្យ ដឹងថា ចាប់តាំងពីសហព័ន្ធបានបង្កើត ឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ហើយក៏បានក្លាយជាសមាជិកពេញសិទ្ធិ របស់គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៥ ។ សហព័ន្ធកីឡាទុកក្ដោងកម្ពុជា ក៏ចូលជាសមាជិកសហព័ន្ធកីឡាទូក ក្ដោងអាស៊ី និងសហព័ន្ធកីឡាទូកក្ដោង អន្ដរជាតិបណ្ដោះអាសន្នផងដែរ ។
ប្រធានស្ដីទីរូបនេះបានបន្ដទៀតថា នៅមុនពិធីបុណ្យសមុទ្រ៣ថ្ងៃសហព័ន្ធ បានបើកវគ្គបណ្ដុះបណ្ដាលកីឡាករ ជំនាន់ទី១របស់ខ្លួន ដោយជ្រើសរើស យកមូលដ្ឋានកងទ័ពជើងទឹករាមធ្វើជា គ្រឹះមុនបោះជំហានទៅរកការបណ្ដុះ បណ្ដាលកីឡាករកីឡាការិនីវ័យក្មេង ដើម្បីពង្រីកវិសាលភាពឱ្យទូលំទូលាយ ទូទាំងប្រទេសកម្ពុជានោះ ។
លោកអះអាងថា មូលហេតុដែល សហព័ន្ធកីឡាទូកក្ដោងសម្រេចជ្រើស យកកងទ័ពជើងទឹក១០នាក់មកធ្វើការ បណ្ដុះបណ្ដាលជំហានដំបូងនោះដោយ សហព័ន្ធគិតថា ទី១-កងទ័ពជើងទឹក ពួកគាត់ជំនាញនៅលើទឹកស្រាប់, ទី២-ទីតាំងរបស់កងទ័ពជើងទឹកមានលក្ខណៈល្អប្រសើរអាចបើកវគ្គបណ្ដុះបណ្ដាល បានប្រកបដោយជោគជ័យ, ទី៣ពួកគាត់ មានជំនាញគ្រប់គ្រាន់នៅក្នុងទឹកអាច យករួចខ្លួនបានប្រសិនបើមានបញ្ហាអ្វី កើតឡើងដោយយថាហេតុណាមួយ ពេលកំពុងហ្វឹកហាត់នោះ ។
នៅព្រឹកថ្ងៃដដែលនោះដែរសហព័ន្ធកីឡាទូកក្ដោងកម្ពុជារួមសហការជា មួយអ្នកជំនាញមកពីប្រទេសសិង្ហបុរី បានបង្ហាញពីសកម្មភាពជិះទូកក្ដោង ប្រភេទតូចឬហៅថា (Windsurfing Diagram) ដែលទើបតែទទួលបានជំនួយ មកពីសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី និង ក៏បានបញ្ជូនគ្រូបង្ហាត់ជិះទូកក្ដោងមក ជួយកម្ពុជាផងដែរ ។
លោកចេង រត្នស័ក្ដិ បានបញ្ជាក់ថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជាមានចក្ខុ វិស័យចំនួន២ គឺទី១-ចក្ខុវិស័យរយៈ ពេលខ្លីត្រូវបណ្ដុះបណ្ដាលកីឡាករដែល ទើបជ្រើសរើស៤នាក់ក្នុងចំណោម១០ ចេញពីកងទ័ពជើងទឹកដើម្បីបន្ដការហ្វឹកហាត់បន្ថែមសម្រាប់ចូលរួមប្រកួត ព្រឹត្ដិការណ៍កីឡាផ្សេងៗនៅក្នុងតំបន់។ ចក្ខុវិស័យ ទី២-សហព័ន្ធកីឡាទូកក្ដោង កម្ពុជាមានគោលបំណងបញ្ជូនកីឡាករកម្ពុជា៤នាក់ដំបូងដែលទើបរើសបាន ឱ្យចេញទៅហ្វឹកហាត់នៅប្រទេសសិង្ហ បុរីសម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ។
លោកបានបន្ដទៀតថា សហព័ន្ធពុំ មានការរើសអើងចំពោះបងប្អូនណា ម្នាក់ឡើយ ប៉ុន្ដែសហព័ន្ធក៏ពុំអាចអនុញ្ញាត ឱ្យក្មេងៗអាយុក្រោម៥ឆ្នាំឬក៏ក្មេងតូចៗណាម្នាក់ឱ្យជិះទូកក្ដោងបានដែរ តែអាច យកពួកគេមកហ្វឹកហាត់ឱ្យចេះហែលទឹក ឬក៏ឱ្យចេះមើលពីស្ថានភាពខ្យល់តើខ្យល់ ល្បឿនប៉ុន្មានយើងអាចជិះទូកបានខ្យល់ ល្បឿនប៉ុន្មានយើងមិនអាចជិះទូកក្ដោង នេះបានពីព្រោះវាអាចជួបឧបទ្ទវហេតុដែល មិនអាចស្មានត្រូវបានឡើយ ៕
ដោយ៖ សារីម