កម្លាំងទាហានឥណ្ឌាបានប្រកាសថា បានត្រៀមលក្ខណរួចរាល់សម្រាប់ធ្វើសង្គ្រាមជាទ្រងទ្រាយធំ ដោពេលនេះ កម្លាំងទាហានជើងគោក និងអាកាសបានត្រៀមលក្ខណរួចរាល់ នៅតំបន់ព្រំដែនជាប់ប៉ាគីស្ថាន ។ចំណែកកម្លាំងទាហានជើងទឹកក៏បានបញ្ជូន នាវាមុជទឹក និង នាវាចម្បាំង ចូលទៅកៀកព្រំដែនទឹក ។
ប្រភពព័ត៌មានបានផ្សាយថា ក្នុងពេលដែលកម្លាំងទាហានប្រទេសទាំងពីរ ប្រឈមមុខតានតឹងនៅតំបន់ព្រំដែន ដោយបន្តផ្ទុះអាវុធដាក់គ្នា ជាសញ្ញាថ្មីមួយទៀតក្រោយការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ តាំងពីពាក់កណ្តាលខែកុម្ភៈ កន្លងមក។
បណ្តាញព័ត៌មាន India TV news បានផ្សាយថា នៅក្នុងកិច្ចប្រជុំគណៈកម្មការសន្តិសុខជាតិ ទីព្រឹក្សាសន្តិសុខ ជាតិឥណ្ឌា លោក Ajit Doval បានប្រកាសប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថា កម្លាំងទាហាន ជើងទឹក ជើងគោក និងអាកាស បានត្រៀមលក្ខណរួចរាល់នៅក្នុងការវាយប្រហារជាទ្រង់ទ្រាយធំទៅលើប៉ាគីស្ថាន។
នាយករដ្ឋមន្ត្រី Narendra Modi ក៏បានស្នើដល់កម្លាំងទាហានធានាសុវត្ថិភាព ដល់ ពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន ។
ការប្រកាសខាងលើរបស់ឥណ្ឌា កើតឡើងក្រោយពេលប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានដកស្រងសម្តី អ្នកនាំពាក្យកម្លាំងទាហានប៉ាគីស្ថាន លោក Asif Ghafoor បានព្រមានថា ទីក្រុងអិស្លាមម៉ាបាតមានសិទ្ធ ប្រើប្រាស់រាល់ វិធីសាស្ត្រចាំបាច់ដើម្បីការពារ ខ្លួន។
ការប្រឈមមុខតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌាមិនមែនទើបកើតឡើង រយៈពេលជាង ១ខែកន្លងមកនោះឡើយ គឺបានកើតឡើងតាំងពីរឆ្នាំ ១៩៤៧ ប៉ុន្តែមិនមានសកម្មភាពផ្ទុះអាវុធជាទ្រង់ទ្រាយធំដូចជាពេលនេះ ។ ភាពតានតឹងកើតឡើង ក្រោយក្រុមភេរវកម្ម Jaish E Mohammad មានទីតាំងនៅក្នុងប្រទេសប៉ាគីស្ថាន បើកការវាយប្រហារ ទៅលើកម្លាំងទាហានឥណ្ឌាក្នុងតំបន់ Pulwama កាលពីថ្ងៃទី១៤ខែកុម្ភៈ សម្លាប់ទាហាន៤០នាក់ ។ឥណ្ឌាក៏បានបើកការវាយប្រហារទៅលើទីតាំងភេរវកម្មនៅទឹកដីប៉ាគីស្ថាននាថ្ងៃទី ២៦ខែកុម្ភៈ វីញជាដើមហេតុធ្វើស្ថានភាពកាន់តែតានតឹង ៕