ភ្នំពេញ៖ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាននិងកំពុងចាត់វិធានការជាបន្ទាន់ ។
នេះបេីយោងតាមសេចក្តីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្តីពី ការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលទេីបទទួលបាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នេះ ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន បញ្ជាឱ្យអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ។
ត្រូវបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានបសុព្យាបាល ។
ផ្អាកលេីការទិញ ការលក់និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូកនិងផលិតផលមានដេីមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬ ឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺនិងដាក់តំបន់នេះ ជាតំបន់ត្រួតពិនិត្យនិងតាមដាន ។
សិក្សា ស្រាវជ្រាវ ប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក និង ត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និង ផលិតផលមានដេីមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ ៕
ដោយ៖ ចេស្តា