ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា បាន ស្រីនាងបានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងដែលមានវត្តមានអ្នកសិល្បៈចូលរួមខ្ទង់រយនាក់។ ខួបកំណើតគម្រប់២០ឆ្នាំរបស់តារាស្រីរូបនេះថាដើម្បីជួបជុំមិត្តិភ័ក្កិរួមអាជីព ហើយក៏មិនធ្វើទ្រង់ទ្រាយធំបន្តសម្រាប់ឆ្នាំបន្ទាប់ៗនោះទេ។
ខួបកំណើតរបស់តារាស្រីរូបនេះត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី០៥ខែមេសានេះនៅហាង Route 57 Pub /Eatery ក្រោមវត្តមានសិល្បករ ផលិតករជាច្រើនចូលរួម។ តារាស្រីវ័យ២០ឆ្នាំរូបនេះបញ្ជាក់ថា នេះគឺជាលើកទី១ដែលនាងរៀបចំពិធីខួបកំណើត ខណៈដែលកន្លងទៅនាងបានរៀបចំទ្រង់ទ្រាយតូចជាលក្ខណៈគ្រួសារ និងមិត្តភ័ក្កិតិចតួចប៉ុណ្ណោះ។
នាងបញ្ជាក់ថាវាគឺជាឱកាសជួបជុំសិល្បករជាមិត្តរួមអាជីព ជាលើកទីមួយហើយនាងនឹងមិនមានគម្រោងរៀបចំធ្វើទ្រង់ទ្រាយបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀតនោះទេ។
ស្រីនាង បញ្ជាក់ដែរថា នាងត្រៀមចំណាយខ្ទង់ប្រមាណជាង២ពាន់ដុល្លារអាមេរិកសម្រាប់បង្កើតកម្មវិធីជួបជុំភ្ញៀវប្រមាណ១៥០នាក់នេះ។ នាងថាក៏ជាឱកាសអរគុណសម្រាប់ទឹកចិត្តស្រលាញ់រាប់អាន និងផ្តល់ឱកាសពីផលិតករទាំងអស់ផងដែរ។
ទោះបីជាថ្ងៃពិសេសមែនប៉ុន្តែតារាស្រីរូបនេះមិនទទួលបានការជួយជ្រោមជ្រែងរៀបចំពិធីនេះ និងមានកាដូពិសេសណាមួយដែរ។ នាងថាមិនមានសង្សារអ្វីនោះទេទើបមិនមានកាដូពិសេសណាមួយប៉ុន្តែនាងបានចាត់ទុកការស្រលាញ់រាប់អាន និងវត្តមានចូលរួមរបស់មិត្តរួមអាជីពគឺជាកាដូដ៏ល្អមិនអាចកាត់ថ្លៃបាន។
តារាស្រីវ័យក្មេងរូបនេះរំពឹងដែរថាក្រោយរៀបចំកម្មវិធីខួបកំណើតរួច និងក្រោយពិធីចូលឆ្នាំថ្មីការងារសិល្បៈរបស់នាងនឹងកាន់តែរីកចម្រើនជាងនេះផងដែរ។
អ្វីដែលនាងប្រាថ្នាសម្រាប់ឱកាសខួបកំណើតលើកនេះគឺសូមឲ្យក្រុមគ្រួសារនាងទាំងមូល និងមិត្តភ័ក្កិអ្នកគាំទ្រនាងមានសេចក្តីសុខ សុភមង្គល និងសុំជួបមនុស្សល្អៗក្នុងជីវិត៕ ដោយ វឌ្ឍនា