បាន ស្រីនាង ធ្វើខួបលើកដំបូងធំគម្រប់២០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា បាន ស្រីនាងបានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងដែលមានវត្តមានអ្នកសិល្បៈ​ចូលរួម​ខ្ទង់រយនាក់។ ខួបកំណើតគម្រប់២០ឆ្នាំរបស់តារាស្រីរូបនេះថាដើម្បីជួបជុំមិត្តិភ័ក្កិរួមអាជីព ហើយក៏មិនធ្វើទ្រង់ទ្រាយធំបន្តសម្រាប់ឆ្នាំបន្ទាប់ៗនោះទេ។

ខួបកំណើតរបស់តារាស្រីរូបនេះត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី០៥ខែមេសានេះនៅហាង Route 57 Pub /Eatery ក្រោមវត្តមានសិល្បករ ផលិតករជាច្រើនចូលរួម។ តារាស្រីវ័យ២០ឆ្នាំរូបនេះបញ្ជាក់ថា នេះគឺជាលើកទី១ដែលនាងរៀបចំពិធីខួបកំណើត ខណៈដែលកន្លងទៅនាងបានរៀបចំទ្រង់ទ្រាយតូចជាលក្ខណៈគ្រួសារ និងមិត្តភ័ក្កិតិចតួចប៉ុណ្ណោះ។

នាងបញ្ជាក់ថាវាគឺជាឱកាសជួបជុំសិល្បករជាមិត្តរួមអាជីព ជាលើកទីមួយហើយនាងនឹងមិនមានគម្រោងរៀបចំធ្វើទ្រង់ទ្រាយបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀតនោះទេ។

ស្រីនាង បញ្ជាក់ដែរថា នាងត្រៀមចំណាយខ្ទង់ប្រមាណជាង២ពាន់ដុល្លារអាមេរិកសម្រាប់បង្កើតកម្មវិធីជួបជុំភ្ញៀវប្រមាណ១៥០នាក់នេះ។ នាងថាក៏ជាឱកាសអរគុណសម្រាប់ទឹកចិត្តស្រលាញ់រាប់អាន និងផ្តល់ឱ​កាស​ពីផលិតករទាំងអស់ផងដែរ។

ទោះបីជាថ្ងៃពិសេសមែនប៉ុន្តែតារាស្រីរូបនេះមិនទទួលបានការជួយជ្រោមជ្រែងរៀបចំពិធីនេះ និងមានកាដូពិសេសណាមួយដែរ។ នាងថាមិនមានសង្សារអ្វីនោះទេទើបមិនមានកាដូពិសេសណាមួយប៉ុន្តែនាងបានចាត់ទុកការស្រលាញ់រាប់អាន និងវត្តមានចូលរួមរបស់មិត្ត​រួម​អាជីព​គឺជាកាដូដ៏ល្អ​មិនអាចកាត់ថ្លៃបាន។

តារាស្រីវ័យក្មេងរូបនេះរំពឹង​ដែរថាក្រោយរៀបចំកម្មវិធីខួបកំណើតរួច និងក្រោយពិធីចូលឆ្នាំថ្មីការងារ​សិល្បៈ​របស់នាង​នឹងកាន់តែរីកចម្រើនជាងនេះផងដែរ។

អ្វីដែលនាងប្រាថ្នាសម្រាប់ឱកាសខួបកំណើតលើកនេះគឺសូមឲ្យក្រុមគ្រួសារនាងទាំងមូល និងមិត្តភ័ក្កិអ្នកគាំទ្រនាងមានសេចក្តីសុខ សុភមង្គល និងសុំជួបមនុស្សល្អៗក្នុងជីវិត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print