ខេត្តកណ្តាល ៖ រថយន្តម៉ាករ៉េហ្វរបើកដោយបុរសម្នាក់ ខណៈបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្ត ហាយលែនឌ័របុកពេញទំហឹងបណ្ដាលឲ្យរថយន្ត ហាយលែនឌ័រក្រឡាប់ផ្ញារជើងឡើងលើ រងរបួសធ្ងន់ស្រាលចំនួន៤នាក់និងរងការខូចខាតទាំងសង្ខាង យ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិតាក្តុល ឃុំតាក្តុល ស្រុកតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះទាំងបួននាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តម៉ាករ៉េហ្វរ ស៊េរី២០០១ ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.2 Z2590 បានចតក្បាលទៅទឹសខាងជើងជិតរោងការ ហើយក៏មានបុរសម្នាក់ចេញពីរោងការឡើងបើករថយន្ត បត់ឆ្លងផ្លូវបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តហាយលែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ កណ្តាល 2B.9460 បើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នងល្បឿនយ៉ាងលឿន បានបុក ពេញទំហឹងបណ្ដាលឲ្យរថយន្តរ៉េហ្វរវិលជាច្រើនជុំរងការខូចខាតផ្នែកខាងស្តាំកំពិតមួយចំហៀងនិងដាច់ក្រឡេកង់មុខអស់មួយតែមិនមានរងរបួសនោះទេ។ចំណែកឯរថយន្តហាយលែនឌ័រក្រឡាប់ផ្ងារជើងទ្រមេឃ ក៏មានផ្សែងហ៊ុយចេញពីម៉ាសុីនយ៉ាងច្រើនពេលនោះប្រជាពលរដ្ឋយកបំពង់អគ្គីភ័យមកបាញ់ពន្លត់ទាន់ពេលវេលា។រងការខូចខាតស្ទើរតែទាំងស្រុង។មួយសន្ទុះក្រោយមកក៏មានមនុស្សលូនចេញមកក្រៅ២នាក់ ហើយ២នាក់ទៀតត្រូវបានប្រជាពលរដ្ឋជួយទាញចេញពីក្នុងរថយន្តហាយលែនឌ័រ ៤នាក់ប្រុសទាំងអស់មកខាងក្រៅហើយហៅរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យភ្លាមៗផងដែល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការដ្ឋាន ខេត្តកណ្តាលរងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ







