ភ្នំពេញ៖លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានត្រឡប់មកដល់ប្រទេសកម្ពុជា វិញ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នេះ ក្រោយទទួលការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសន្យាថាមិនយកទោសពៃរ៍នោះ ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហៅ លោក លឺឡាយ ស្រេង អតីតមន្រ្តីរដ្ឋាភិបាលចាស់ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយគ្មានការភ័យខ្លាចអ្វីឡើយ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ មានប្រសាសន៍ជាសាធារណៈថានឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធរនិងសមត្ថកិច្ចកុំអោយចាប់ចងរូបគាត់ទៀតផង ព្រោះថ្មីៗនេះ សម្តេចតេជោ បានឃើញ ព័ត៌មានតាមបាងកកប៉ុស្ត៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែងពី សម្តេចតេជោ ដើម្បីបានវិលត្រឡប់ចូលមករស់នៅនៃជីវិតចុងក្រោយក្នុងប្រទេសកំណើត។
សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែមានព្រហ្មវិហារធម៌ចំពោះពលរដ្ឋ ក៏ដូចជាអតីតមន្រ្តីមួយចំនួនដែលទទួលស្គាល់នូកំហុសឆ្គង ដូចជារូប លោក លឺ ឡាយស្រេង ដែលកន្លងទៅបានជេរប្រមាថព្រះមហាក្សត្រកម្ពុជា និងរូបសម្តេចតេជោផ្ទាល់។
សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ថា គ្មានផលប្រយោជន៍អ្វីដែលទៅសម្ងំលាក់ខ្លួនជេរប្រមាថមកលើរូបសម្តេច ឬឈរធ្វើបាតុកម្មតាមផ្លូវជេរប្រមាថមាក់ងាយមកលើព្រះមហាក្សត្រខ្លួនឯង មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជេរប្រមាថមកលើរូបសម្តេចផ្ទាល់។
សម្តេចតេជោ តែងតែផ្តល់ឱកាស និងណែនាំអោយអ្នកទាំងនោះ បើពិតជាចង់ចូលរួមជួយកសាងប្រទេសជាតិមែន គឺនិយាយស្តីត្រូវមានសីលធម៌ល្អថ្លៃថ្នូរ ត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយចូលមកអង្គុយធ្វើការនៅក្នុងប្រទេស ទើបមានលទ្ធផលប្រសើរជាងដើរស្រែកនៅតាមដងផ្លូវក្រៅប្រទេស៕
ដោយ៖ ចេស្តា