ភ្នំពេញ ៖ ក្រុមអ្នកព្យាករអាកាសធាតុ នៃក្រសួងធនធានទឹក បន្ទាប់ពីតាមដានជាប្រចាំបានបង្ហាញថា បរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។ ទន្ទឹមនឹងនោះសីតុណ្ហភាព ក៏មានការហក់ឡើងបន្តិចវិញ ក្នុងកម្រិត៣៦ ទៅ ៣៩ អង្សាសេ ខណៈអាចនឹងមានភ្លៀងធ្លាក់បន្តកើតមានក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ស្ទើរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ស្ដីពីស្ថានភាពអាកាសធាតុ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖
–ចាប់ពីថ្ងៃទី១០-១១ ខែមេសានេះជ្រលងសម្ពាធទាប ដែលកន្លងមកបានអូសបន្លាយលើកម្ពុជាយើងមានលក្ខណៈចុះខ្សោយ។ ហេតុដូច្នេះបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួចចំណែកសីតុណ្ហភាពក៏មានការហក់ឡើងបន្តិចវិញក្នុងកម្រិតពី៣៦-៣៩ អង្សាសេ ។
-ចាប់ពីថ្ងៃទី១២-១៧ ខែមេសាកម្ពុជាយើងនឹងទទួលនូវឥទ្ធិពលនៃសម្ពាធទាបដែលកើតមកពីសមុទ្រចិនខាងត្បូងជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
សេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ទៀតថា សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះជាពិសេសខ្យល់កន្ត្រាក់។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាទឹកទុក ត្រងទឹកទុកនៅពេលមានភ្លៀងព្រោះរដូវវស្សានៅមានរយៈពេលវែងជាបង្គួរ គួបផ្សំនឹងកំដៅ និងរំហួតខ្ពស់ ៕ ដោយ ៖ សិលា