ចោរប្លន់បាញ់គំរាម៣គ្រាប់ប្លន់អ្នកលក់មាសនៅក្រុងបាត់ដំបងបានសម្រេចបន្ទាប់មកសមត្ថកិច្ចបង្រ្កាបបានចោរប្លន់២នាក់ក្នុងចំណោមបក្ខពួក៥នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ចោរប្លន់ចំនួន៥នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយអាវុធវែងខ្លីចំនួន៣ដើមបានបាញ់គំរាមអ្នកលក់មាស២នាក់ប្តីប្រពន្ធ ហើយប្លន់យកគ្រឿងអលង្ការ និងមាស ប្រាក់ យ៉ាងសន្ធឹកសន្ធាប់បានសម្រេចខណៈជនរងគ្រោះបានបើករថយន្តចេញពីកន្លែងលក់មាសនៅផ្សារណាត់បើករថយន្តដល់ខាងមុខផ្ទះឈប់បម្រុងចូលផ្ទះ ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោងជិត៦ល្ងាចថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៥ នៅចម្ងាយពីអធិការដ្ឋាននគរបាលក្រុងបាត់ដំបងជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំ។ករណីប្លន់អ្នកលក់មាសនោះ ចោរប្លន់មិនបានបង្កការគ្រោះថ្នាក់អាយុជីវិតដល់ជនរងគ្រោះនោះឡើយ គ្រាន់តែប្លន់យកទ្រព្យសម្បត្តិប៉ុណ្ណោះ។

អាជីករអ្នកលក់មាសដែលជាជនរងគ្រោះប្តីឈ្មោះ ហេង ជីឃាង អាយុ៣៦ឆ្នាំ ចំណែកប្រពន្ធគេមិនទាន់ស្គាល់ឈ្មោះនោះទេ​ជនរងគ្រោះ រស់នៅចំណុចកើតហេតុខាងលើ។ក្រោយពីកើតហេតុនោះភ្លាមគេឃើញកម្លាំងនគរបាលនិងអាវុធហត្ថខេត្ត បាន ចុះមកដល់កន្លែងកើតហេតុហើយពង្រាយកម្លាំងធ្វើការហ៊ុំព័ន្ធគ្រប់ច្រកល្អកនៅក្នុងក្រុងបាត់ដំបង ហើយឈានដល់ការឆែកឆេរផ្ទះសំណាក់និងសណ្ឋាគាររួមនិងហាងលក់សម្លៀកបំពាក់រហូតដល់៣កន្លែង សមត្ថកិច្ចធ្វើការត្រួតពិនិត្យរកឃើញជនសង្ស័យគ្រឿងញៀនប្រុសស្រីចំនួន៤នាក់ ដេក្នុងផ្ទះសំណាក់សមត្ថកិច្ចក៏បាននាំខ្លួនយកមកសាកសួរតាមនីតិវិធីក៏ប៉ុន្តែក្រោយពីការសាកសួរតាមជំនាញជនសង្ស័យទាំង៤នាក់មិនជាប់ពាក់ព័ន្ធនិងងំពើប្លន់នោះឡើយ ។

ការតាមក្រុមចោរប្លន់ទាំងនោះនៅយប់ថ្ងៃ ដដែលគេឃើញសមត្ថកិច្ចខិតខំប្រឹងប្រែងដេញប្រម៉ាញចំណាយពេលពេញមួយយប់ មិនតែប៉ុណ្ណោះបាន ដាក់កម្លាំងឆែកឆេរតាមផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅភ្នំពេញទៀតផង ។ លុះការប្រម៉ាញ់របស់សមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងបិទតែមស្កត់ខ្មៅហើយយកថង់ផ្លាស្ទិកបិទស្លាកលេខធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្រ្ត ស្រុកមោងប្ញស្សី សមត្ថកិច្ចមានការសង្ស័យដេញតាមអ្នកជិះម៉ូតូទាំង២នាក់ ពួកវាមានការភ័យខ្លាច ក៏ផ្តួលម៉ូតូរត់គេចខ្លួនចូលព្រៃបាត់ សមត្ថកិច្ចក៏បានប្រទះឃើញកាំភ្លើងខ្លីកា៥៩មួយដើមមានគ្រាប់៧គ្រាប់ដែលធ្លាក់នៅកន្លែងនោះ សមត្ថកិច្ចក៏បានយកកាំភ្លើងនិងម៉ូតូ១គ្រឿងមករក្សាទុក ។បន្ទាប់មកនៅវេលាម៉ោងជាង១យប់អធ្រាត្រ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ក៏មានបុរសម្នាក់ បានជិះកង់ម្នាក់ឯង នៅលើផ្លូវជាតិលេខ៥ បម្រុងចូលក្រុងបាត់ដំបង ដើម្បីបន្លំខ្លួន ហើយប៉ះជាមួយនិងកម្លាំងអាវុធហត្ថកំពុងល្បាត នៅពេលនោះកម្លាំងអាវុធហត្ថមានការសង្ស័យក៏បានហៅបុរសនោះឱ្យឈប់ធ្វើការឆែកឆេរស្រាប់តែរកឃើញចិញ្ចៀន​ចំនួន​២៩​វង់ ក្រវិល​ចំនួន​១៦​គូ និង​កូន​កាបូប​ដាក់​លុយ​មួយ​ ក្នុងនោះមាន​លុយ​ចំនួន​២​ម៉ឺន​រៀល ដែលបានដាក់ក្នុងថង់។កម្លាំងអាវុធហត្ថក៏បានឃាត់ខ្លួនដើម្បីយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជននោះក៏បានឆ្លើយសារភាពរូបគេជាសមាជិកក្រុមចោរប្លន់នោះមែន។ លុះនៅថ្ងៃទី១៣ដដែលនោះដែរនៅវេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលខេត្តបាត់ដំបង និងនគរបាលស្រុកមោងប្ញស្សីសហការគ្នាបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនផ្តួលម៉ូតូចោលកាលពីយប់ នៅក្នុងភូមិសាស្រ្តស្រុកមោងប្ញស្សី ហើយចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីយកមកសាកសួរបន្ថែមទៀត។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា​ជនសង្ស័យទាំង២នាក់មានឈ្មោះ ១,យ៉ាន់ ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិស្តៅអែម ឃុំចំបក់ស្រុក​បាទី ខេត្តតាកែវជននេះត្រូវអាវុធហត្ថឃាត់ខ្លួន​ ២,នៅ រស់ អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង បច្ចុប្បន្នគ្មានទីលំនៅពិតប្រាកដ ជនទី២ គឺកម្លាំងនគរបាលជាអ្នកបង្រ្កាបបាន។ជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួន​ត្រូវបានគេ​ទូរស័ព្ទ​ឲ្យ​ឡើង​មក​បាត់ដំបង​ដើម្បី​ធ្វើ​សកម្មភាព​ ប្លន់ ហើយ​នៅពេល​មកដល់​ គឺពួ​គេទាំង៥នាក់​​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ រហូតដល់​ថ្ងៃ​ធ្វើ​សកម្ម​ភាព​តែម្តង។ លុះ​ក្រោយ​ពេលធ្វើ​សកម្មភាព​បានសម្រេច​រួចមក ពួកគេ​ទាំងពីរ​នាក់​ត្រូវបាន​បក្ខពួក​ចែក​ឲ្យ​នូវ​គ្រឿង​អលង្ការដាក់​ កេសមួយ ​ដើម្បី​ចែកគ្នា។បន្ទាប់មក ក៏​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន ។

ជនសង្ស័យបានប្រាប់ទៀតថា សម្រាប់​ជនបក្ខពួក​​៣​នាក់​ទៀត​​ គឺ​ពួកខ្លួន​មិន​ស្គាល់​ច្បាស់​នោះទេ ដោយ​គ្រាន់​តែ​ដឹងថា ពួកគេ​គឺ​រស់នៅក្នុង​ខេត្តបាត់ដំបង​។បច្ចុន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នរងចាំបញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ចំណែកបក្ខពួកនៅសេសសល់៣នាក់ទៀតសមត្ថកិច្ចកំពុងតែបន្តតាមប្រម៉ាញ់ស្វែងរកចាប់ឃាត់ខ្លួនបន្ថែមទៀត។

​សូមបញ្ចាក់ថា គ្រឿងអលង្ការដែលក្រុមចោរប្លន់យកទៅរួមមាន ប្រាក់ខ្មែរ ៨លានរៀល ប្រាក់អាមេរិច៩០០ដូល្លា ប្រាក់ថៃ៤ពាន់បាត និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ជាង១០ម៉ឺនដូល្លា ៕

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print