ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកព្រឹត្តការណ៍ សង្ក្រាន្តបាត់ដំបង ឆ្នាំ២០១៩។
ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុនបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជននិងទទួលបានអ្នកចូលរួមរាប់សិបម៉ឺននាក់នោះទេ។សម្រាប់ឆ្នាំនេះសង្ក្រាន្តបាត់ដំបងនឹងកាន់តែធំនិងកាន់តែទាក់ទាញខ្លាំងបន្ថែមទៀតដើម្បីទាក់ទាញបន្ថែមទៀត។
សង្ក្រាន្តបាត់ដំបងលើកទី១ ត្រូវបានរៀបចំឡើងដោយ សហភាពសហ័ន្ធយុវជនកម្ពុជាប្រចាំខេត្ត បាត់ដំបង ជាមួយនឹងការសាទរអបអរខ្លាំង។ ព្រោះតែព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី និងភាពសម្បូរសប្បាយរបស់ប្រជាជនរស់នៅលើទឹកដីខេត្តបាត់ដំបង។
ព្រឹត្តិការណ៍កន្លងទៅក៏បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនទាំងពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តផ្ទាល់ខេត្តនានានិងភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។ កម្មវិធីនេះប្រមូលផ្តុំរៀបចំបង្ហាញអំពីសាសនា ល្បែងប្រជាប្រិយ ប្រពៃណីទំនៀមទម្លាប់ ជីវភាពរស់នៅ តំបន់ទេសចរណ៍ របស់ប្រជាពលរដ្ឋនៃខេត្តមួយនេះទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ។
សម្រាប់ឆ្នាំ២០១៩នេះព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងគ្រោងនឹងបង្កើតព្រឹត្តិការណ៍ទាក់ទាញជាច្រើនទៀតដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមេសាដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរឯកស័កព.ស២៥៦៣៕
ដោយ វឌ្ឍនា