Pi Pay ចូលរួមគាំទ្រពិធីបញ្ចប់វគ្គសិក្សាលើកម្មវិធីអ្នកអភិវឌ្ឍអាជីវកម្មជាស្ត្រី

ចែករំលែក៖

ភ្នំពេញ៖ អបអរសាទរដល់ក្រុមហ៊ុនអាជីវកម្មទើបបង្កើតថ្មី Kokopon របស់កម្ពុជា សម្រាប់ការបញ្ចប់វគ្គបណ្តុះបណ្តាលលើកម្មវិធី SHE Investment Accelerator (អ្នកអភិវឌ្ឍអាជីវកម្មជាស្ត្រី) ឆ្នាំ២០១៩ ហើយពេលនេះ ក្រុមហ៊ុនទើបបង្កើតថ្មីនេះ នឹងទទួលបានការជួយឧបត្ថម្ភទៅលើតម្លៃសេវាចុះឈ្មោះអាជីវកម្មពី ផាយ ផេ (Pi Pay) ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមជាស្ត្រីចំនួន១៣នាក់ បានចូលរួមក្នុងពិធីអបអរសាទរលើការបញ្ចប់ការសិក្សារបស់ខ្លួន នៅក្នុងបរិវេនស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្រោយពីស្ថានទូតមួយនេះ បានចូលរួមគាំទ្រកម្មវិធី SHE Investment Accelerator ឆ្នាំ២០១៩។
អ្នកស្រីលឹម លីដា សហស្ថាបនិករបស់កម្មវិធី SHE Investments បានបញ្ជាក់ថា កម្មវិធីសិក្សាដែលមានរយៈពេល៦ខែមួយនេះ បានផ្តល់ការសិក្សាដល់សិក្ខាកាមលើជំនាញ ដំណើរការគ្រប់គ្រងអាជីវកម្ម ក្នុងនោះរាប់បញ្ចូលទាំងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការកំណត់គោលដៅ ការរៀបចំផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រអាជីវកម្មផងដែរ ស្របពេលដែលសិក្ខាកាម ក៏ទទួលបានជំនាញផ្សេងៗ ការជួបឧបត្ថម្ភគាំទ្រ និងឱកាសនានានៅកម្ពុជាផងដែរ។ អ្នកស្រីបានឲ្យដឹងថា៖ «ខ្ញុំបន្តមានការភ្ញាក់ផ្អើលទៅលើគុណភាព និងថាមពលរបស់ស្ត្រីដែលយើងធ្វើកាជាមួយនៅ SHE Investments ហើយខ្ញុំពិតជារំភើបណាស់ក្នុងការជួយដល់ស្ត្រីទាំងនោះលើដំណើរអាជីវកម្មរបស់ពួកគាត់។ Kokopon បានធ្វើឲ្យយើងចាប់អារម្មណ៍ លើការអភិវឌ្ឍរបស់ក្រុមហ៊ុននេះ និងកម្រិតដែលក្រុមហ៊ុនបានធ្វើសកម្មភាពស្របតាមដំបូន្មានផ្សេងៗ ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេ ហើយយើងប្រាកដចិត្តថា ពួកគេនឹងអភិវឌ្ឍទៅមុខដ៏ឆ្ងាយ»។
ក្រុមហ៊ុន Kokopon នឹងផ្តល់ការបញ្ចុះតម្លៃលើផលិតផល និងសេវាផ្សេងៗ ដោយការធ្វើការងារជាមួយនឹងក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីជួយឲ្យក្រុមហ៊ុនទាំងនោះបង្កើនការលក់របស់ពួកគេ តាមរយៈការទទួលបានអតិថិជនកាន់តែច្រើន ក្រោមជំនួយផ្នែកទីផ្សារលើផលិតផលផ្សេងៗដែលស្ថិតក្នុងការប្រម៉ូសិន។ តាមរយៈការចូលរួមសិក្សាក្នុងកម្មវិធីសិក្សា SHE Accelerator អ្នកស្រីណេង សុខនាង ម្ចាស់ក្រុមហ៊ុនអាជីវកម្ម Kokopon បានសហការជាមួយនឹងម្ចាស់អាជីវកម្មជាស្ត្រីជាច្រើនផ្សេងទៀត ដើម្បីផ្តល់ឲ្យម្ចាស់អាជីវកម្មទាំងនោះទទួលបាននូវសេវាផ្សេងៗ ដូចជាក្រុមហ៊ុនអាជីវកម្មលក់ផលិតផលថែរក្សាសម្ភស្សធម្មជាតិ ដៃខ្មែរ (Dai Khmer) ជាដើម។
កញ្ញា Kelly Ch’ng ប្រធានផ្នែកទំនាក់ទំនង និងទីផ្សាររបស់ក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា ការឧបត្ថម្ភគាំទ្រលើការចុះបញ្ជីអាជីវកម្មរបស់ក្រុមហ៊ុន Kokopon បង្ហាញពីការគាំទ្រឥតឈប់ឈររបស់ក្រុមហ៊ុន ផាយ ផេ ទៅលើការងាររបស់កម្មវិធី SHE Investments ជាមួយនឹងអាជីវករជាស្ត្រីកម្ពុជា។
អ្នកស្រីបានឲ្យដឹងថា៖ «ផាយ ផេ ពិតជាមានមោទនភាពណាស់ក្នុងការធ្វើការជាមួយនឹង SHE Investments ក្នុងកិច្ចការងារដ៏សំខាន់របស់ពួកគេជាមួយនឹងអាជីវកម្មដែលមានម្ចាស់កម្មសិទ្ធិជាស្ត្រី និងដឹកនាំដោយស្ត្រី នៅកម្ពុជា។ យើងធ្វើការជាមួយនឹងពាណិជ្ជករធំ និងតូច ទូទាំងកម្ពុជា ទៅលើដំណោះស្រាយទូទាត់មិនប្រើក្រដាសប្រាក់ ខណៈដែលដំណោះស្រាយទាំងនេះ ឆ្លើយតបទៅនឹងតម្រូវការឌីជីថលដែលកំពុងតែកើនឡើងរបស់កម្ពុជា ហើយវាពិតជារំភើបណាស់ក្នុងការឃើញពីមហិច្ឆតា និងទស្សនវិស័យរបស់ក្រុមអ្នកដែលបញ្ចប់ការសិក្សាលើកម្មវិធីនេះ។ ខ្ញុំសូមជូនពរឲ្យពួកគាត់ជួបតែសំណាងល្អបំផុតជាមួយនឹងអាជីវកម្មដែលកំពុងតែមានការរីកចម្រើនរបស់ពួកគាត់»។
អ្នកស្រី សុខ នាង សហស្ថាបនិករបស់ក្រុមហ៊ុន Kokopon បានបញ្ជាក់ថា ដំណើរការនៃការចុះបញ្ជីអាជីវកម្ម ជាធម្មតាចំណាយពេលអស់ជាច្រើនខែ និងចំណាយប្រាក់រាប់ពាន់ដុល្លារ ហេតុនេះការគាំទ្ររបស់ក្រុមហ៊ុន ផាយ ផេ គឺជាការឧបត្ថម្ភដ៏ធំមួយ។
អ្នកស្រីបានឲ្យដឹងថា៖ «វាពិតជាអស្ចារ្យណាស់ក្នុងការឃើញក្រុមហ៊ុនមួយរបស់កម្ពុជា ចូលរួមគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ដូចជាយើង ជាពិសេស ក្រោយពីការខិតខំព្យាយាមរបស់អ្នកចូលរួមក្នុងកម្មវិធីអភិវឌ្ឍអាជីវកម្មមួយនេះ។ យើងរង់ចាំមើលការរីកចម្រើនរបស់ Kokopon ហើយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ផាយ ផេ កម្មវិធី SHE Investments និងស្ថានទូតចក្រភពអង់គ្លេស ដែលបានជួយយើងក្នុងដំណើរអាជីវកម្មរបស់យើង»។
ក្រុមហ៊ុន ផាយ ផេ បានសហការជាមួយនឹងកម្មវិធី SHE Investments ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ដើម្បីជួយលើកស្ទួយដល់អាជីវកម្មដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ហើយស្ត្រីដ៏អស្ចារ្យជាច្រើននាក់កំពុងតែដំណើរការអាជីវកម្មរបស់ខ្លួន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print