បីខែដើមឆ្នាំ២០១៩នេះ ជំងឺកញ្ជ្រឹលកើតឡើង៣០០ភាគរយ នៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក បានប្រកាសឲ្យដឹងថា បច្ចុប្បន្នមាន១៧០ប្រទេសនៅលើពិភពលោកកើតជំងឺកញ្ជ្រិល ដោយមានមនុស្សកើតជំងឺនេះដល់ទៅ១១២ពាន់នាក់ និងមានអ្នកស្លាប់ រាប់ពាន់នាក់ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ ។ ដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ២០១៨មានតែ ២៨ពាន់នាក់ប៉ុណ្ណោះ។
ទាំងនោះហើយបានជា អង្គការ WHO និងUNICEF ប្រកាសអាសន្នពីជំងឺកញ្ជ្រឹល កើនឡើងក្លាយជាវិបត្តិ។«វិបត្តិ» គឺជាពាក្យដែលប្រើប្រាស់នៅក្នុងសភាពធ្ងន់ តានតឹងបំផុត ហើយពេលនេះអង្គការសុខភាពពិភពលោក WHO និង អង្គការ UNICEF ត្រូវប្រើប្រាស់ដល់ពាក្យ«វិបត្តិ »សកលចំពោះជំងឺកញ្ជ្រឹល កំពុងតែរាលដាល ដល់ទៅជាង៣០០ភាគរយនៅលើពិភពលោក។នៅក្នុងសេចក្តីប្រកាសរបស់ WHO និង អង្គការ UNICEF បញ្ជាក់ថា យើងកំពុងតែ ប្រឈមវិបត្តិ នៃជំងឺកញ្ជ្រឹលទូទាំងពិភពលោក។
តាមតួលេខរបស់ WHO បង្ហាញឲ្យឃើញថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ មានអ្នកកើតជំងឺកញ្ជ្រឹលកើនដល់៣០០ភាគរយទូទាំងពិភពលោក។ តំបន់មួយចំនួននៅទ្វីបអាហ្វ្រិក មានមនុស្សកើតជំងឺនេះកើនឡើងដល់ទៅ៧០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ អង្គការ WHO បានបញ្ជាក់ថា មានមនុស្សកើតជំងឺនេះដល់ទៅ៩០ភាគរយនៅលើពិភពលោក មិនបានផ្តល់របាយការណ៍។ អង្គការនេះបានព្រមានថា ជំងឺកញ្ជ្រឹលអាចនឹងលើស ពីសម្ថភាពគ្រប់គ្រង ។
បច្ចុប្បន្នមានជំងឺកញ្ជ្រិលកើនឡើងខ្ពស់នៅក្នុងប្រទេស ដូចជា សាធារណរដ្ឋ Congo, Ethiopia, Georgia, Kazakhstan, Kyrgyzstan, Madagascar, Myanmar, Philippines, Sudan, ថៃ និងអ៊ុយក្រែន ។ក្នុងពេលជាមួយគ្នានេះមានប្រទេសជាច្រើនក៏បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាក់វ៉ាក់សាំងការពារ។
នៅពេលនេះប្រទេស Madagascar មានអ្នកស្លាប់ដល់ទៅជិត១០០០នាក់ ភាគច្រើនជាកុមារ។ចំណែកនៅហ្វីលីពីនវិញ ក៏មានអ្នកស្លាប់ដល់ទៅជិត១៤០នាក់ និងមានអ្នកកើតជំងឺនេះជិត៨៥០០នាក់ ៕