ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យព្រឹទ្ធសភាខេត្តស៉ីឈួន ប្រទេសចិន ជួយគៀងគរ អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈខេត្ដស៊ីឈួនមាន គម្រោងបង្កើនជើងហោះហើរត្រង់មកកាន់កម្ពុជា នៅពេលឆាប់ៗនេះ ។ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន បន្តស្វះស្វែងរកមិត្តភក្តិ និងដៃគូពាណិជ្ជ កម្ម ក៏ដូចជាវិនិយោគគិនជាតិ អន្តរជាតិ ឱ្យមករកស៉ីនៅកម្ពុជាកាន់តែច្រើន ដើម្បីបន្តកំណើនសេដ្ឋកិច្ចប្រទេស និងលើក កម្ពស់ជីវភាពប្រសើរឡើងរបស់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានស្នើដល់ ប្រតិភូនៃព្រឹទ្ធសភាខេត្តស៉ីឈួន ប្រទេសចិន ក្នុងឱកាសលោកទទួលជួបសម្ដែងការ គួរសម ពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានី ជាមួយលោក ជុង មាន អនុប្រ ធានព្រឹទ្ធសភា នៃខេត្តស៉ីឈួនចិន ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ប្រទេសកម្ពុជានៅ ពេលនេះ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដោយបានធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសជីវភាពប្រជាពលរដ្ឋ មានភាពប្រសើរឡើងជាលំដាប់។ តាម ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានស្នើឱ្យលោកអនុប្រធានព្រឹទ្ធសភា នាំនូវដំណឹងនេះទៅផ្សព្វផ្សាយដល់ប្រជាជន និងអ្នកវិនិយោគនៅខេត្តស៉ីឈួន ឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ឱ្យបានច្រើនថែមទៀត។
លោក ជុង មាន បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ មានការរីកចម្រើន ជាពិសេសសំណង់អគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ មានការរីកព្រោងព្រាតយ៉ាងឆាប់រហ័ស។ តបតាមសំណើរ និងសេចក្តីត្រូវការខាងលើ ក្រុមប្រតិភូនឹងនាំនូវដំណឹងដ៏ល្អនេះ ទៅផ្សព្វផ្សាយក៏ដូចជាជំរុញឱ្យអ្នកវិនិយោគខេត្តស៉ីឈួន បន្តមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
លោក ជុង មាន បានបញ្ជាក់ថា៖ ក្នុងពេលនេះក៏មានក្រុមប្រតិភូអ្នកវិនិយោគវ័យក្មេងខេត្តស៉ីឈួនមួយក្រុម បាននិងកំពុងជួបពិភាក្សាជាមួយដៃគូរវិនិយោគកម្ពុជា ដើម្បីស្វែងយល់ពីឱកាសមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ដើម្បីបំពេញតម្រូវការរបស់អ្នកវិនិយោគ កម្ពុជា និងខេត្តស៉ីឈួន ដែលមានការកើនឡើងជាហូរហែរ រដ្ឋបាលខេត្តស៉ីឈួន មានគម្រោងបង្កើនជើងហោះហើរត្រង់មកកាន់កម្ពុជា ឱ្យបានជារៀងរាល់ថ្ងៃ ខណៈពេលបច្ចុប្បន្នមានការហោះហើរត្រង់ចំនួន ៤ជើងក្នុងមួយសប្តាហ៍។
លោក ជុង មាន បានបញ្ជាក់ថា៖ អនុវត្តតាមយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រទេសចិនមានគោលដៅចាប់យកតំបន់អាស៉ីអាគ្នេយ៍ និងអាស៉ីបូព៌ា ដែលត្រូវជំរុញទំហំពាណិជ្ជកម្ម ជាពិសេសទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងខេត្តស៉ីឈួន ឱ្យបានកើនឡើងថែមទៀត ស្របពេលបច្ចុប្បន្នមានតែជាង ២ពាន់លានដុល្លារតែប៉ុណ្ណោះ។
លោក ក៏បានបញ្ជាក់ពីជំហររបស់រដ្ឋបាលខេត្តស៉ីឈួនថា ខ្លួនបានត្រៀមរួចជាស្រេចហើយ ក្នុងការសម្របសម្រួលដល់គម្រោងនាំផលិតផលពីកម្ពុជាទៅកាន់ខេត្តនេះ។ លើសពីនេះ ក៏បានសន្យាទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជាបានកាន់តែច្រើន ពិសេសក្រុមហ៊ុនទាំង៧ ដែលបានចុះMOUជាមួយកម្ពុជា លើវិស័យទំនាក់ទំនង វប្បធម៌ ទេសចរណ៍ និងហេដ្ឋា រចនាសម្ព័ន្ធ រួចហើយនោះ។
លោក ជុង មាន ក៏បានសំណូមពរឱ្យមានការធ្វើទំនាក់ទំនង រវាងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីរដ្ឋបាលខេត្តស៉ីឈួន ឱ្យបានយ៉ាងស្អិតរមួត ហើយចង់ឱ្យមានកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញនិងទីក្រុងណាមួយនៃខេត្តស៉ីឈួន និងបង្កើនការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ ឱ្យបានកាន់តែស៉ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត៕
ដោយ៖ សំរិត