Update ៖លទ្ធផល​វៃ​ពលរដ្ឋ​ ! ស្នងការ​ខេត្ត​កំពង់ចាម​ សម្រេច​បញ្ឈរ​ជេីង​ អធិការ​ស្រុក​កំពង់​សៀម​

ចែករំលែក៖

កំពង់ចាម​៖ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ សម្រេច​បញ្ឈរ​ជេីង​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាក់ដន​ អធិការ​នគរបាល​ស្រុក​កំពង់​សៀម​ ដោយសារ​ប្រេី​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ “វៃ​សន្លប់​រួច​ចាក់​ទឹក​ដូច​សត្វ​ធាតុ​”។

នេះ​បេី​យោង​តាម​លិខិត​បង្គាប់​ការ​ របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ដែល​ ទេីប​ទទួល​បាន​នៅ​ថ្ងៃទី​២៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ។

ការ​សម្រេច​នេះ​ បន្ទាប់ពី​លោក​ហួត​ វុទ្ធី​ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់​ចាម​ កាលពី​ថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ បាន​បង្គាប់​មក​លោក​​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ឱ្យ​”ចាត់ការ​ស៊េីប​អង្កេត​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាក់ដន​ អធិការ​នគរបាល​ស្រុក​កំពង់​សៀម​ យោង​តាម​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​”។

គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា”Bun Thern”​សរសេរ​ថា​ “ក្នុងនាមខ្ញុំជាប្រជាពលរដ្នរស់នៅភូមិខែលជ័យ​ ឃុំអូរស្វាយ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ សូមលោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចា​ជួយរក​យុត្តិធម៌​ជូនបងប្រុសខ្ញុំផង​ អោយពួកខ្ញុំរស់នៅយ៉ាងណាបើគ្រាន់តែបងប្រុសរបស់ខ្ញំប្រកែកពាក្យសំដីជាមួយគ្នាបន្តិចគាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផងស្រាប់តែអធិការស្រុកកំពង់សៀម​ លោកឯក​ ប៉ាន់ដន​ មកចាប់បងខ្ញុំវៃហើយបញ្ជូនមកស្រុកវៃចាក់​ទឹក​សន្លប់​២ដងហើមគ្រប់កន្លែងអាឡូវដេកពេទ្យហើយនៅ7D​ ។ ហេតុអ្វីលោកអធិកាស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ”។

មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ចែងថា​ អំពើ​ហិង្សា​ដោយ​ចេតនា​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​២ឆ្នាំ​ទៅ​៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ កាល​បើ​អំពើ​ហិង្សា​នេះ​ បាន​កេីត​ឡើង​ ៖

ទី១,ដោយ​មាន​ការ​គិត​ទុក​ជា​មុន​ ។ ទី២,ដោយ​មាន​អាវុធ​ឬ​គំរាមកំហែង​នឹង​អាវុធ​ ។ ទី៣,ដោយ​មាន​មនុស្ស​ច្រើន​នាក់​ ក្នុង​ឋានៈ​ជា​ចារី​ សហចារី​ អ្នក​ផ្តេីម​គំនិត​ និង​ ជា​អ្នក​សមគំនិត​ ។

មជ្ឈដ្ឋាន​ជាច្រើន​ សង្ឃឹម​ថា​ ប្រសិន​បើ​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាក់ដន​ អធិការ​នគរបាល​ស្រុក​កំពង់​សៀម​ ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ ដែល​មេីល​ទៅ​ហាក់​ឃោរឃៅ​បែបនេះ​ មែន​ គួរ​សមត្ថកិច្ច​ចាប់​ខ្លួន​ ដេីម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ ៕ ដោយ ៖ វណ្ណៈ

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print