កំពង់ចាម៖ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល សម្រេចបញ្ឈរជេីងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម ដោយសារប្រេីអំពើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ”។
នេះបេីយោងតាមលិខិតបង្គាប់ការ របស់ស្នងការនគរបាលខេត្តកំពង់ចាម ដែល ទេីបទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះ ។
ការសម្រេចនេះ បន្ទាប់ពីលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានបង្គាប់មកលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យ”ចាត់ការស៊េីបអង្កេតបទល្មើសដែលពាក់ព័ន្ធនឹងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម យោងតាមការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក”។
គណនីហ្វេសប៊ុកមួយឈ្មោះថា”Bun Thern”សរសេរថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្នរស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមលោក គួច ចំរើន អភិបាលខេត្តកំពង់ចាជួយរកយុត្តិធម៌ជូនបងប្រុសខ្ញុំផង អោយពួកខ្ញុំរស់នៅយ៉ាងណាបើគ្រាន់តែបងប្រុសរបស់ខ្ញំប្រកែកពាក្យសំដីជាមួយគ្នាបន្តិចគាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផងស្រាប់តែអធិការស្រុកកំពង់សៀម លោកឯក ប៉ាន់ដន មកចាប់បងខ្ញុំវៃហើយបញ្ជូនមកស្រុកវៃចាក់ទឹកសន្លប់២ដងហើមគ្រប់កន្លែងអាឡូវដេកពេទ្យហើយនៅ7D ។ ហេតុអ្វីលោកអធិកាស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ”។
មាត្រា២១៨នៃក្រមព្រហ្មទណ្ឌ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចែងថា អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហិង្សានេះ បានកេីតឡើង ៖
ទី១,ដោយមានការគិតទុកជាមុន ។ ទី២,ដោយមានអាវុធឬគំរាមកំហែងនឹងអាវុធ ។ ទី៣,ដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តេីមគំនិត និង ជាអ្នកសមគំនិត ។
មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា ប្រសិនបើលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម ពិតជាបានប្រព្រឹត្តបទល្មើស ដែលមេីលទៅហាក់ឃោរឃៅបែបនេះ មែន គួរសមត្ថកិច្ចចាប់ខ្លួន ដេីម្បីផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ