កម្ពុជា-មីយ៉ាន់ម៉ាមេដឹកនាំរវាងប្រទេសទាំងពីរ ឯកភាពគ្នាពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាក្នុងជំនួបទ្វេភាគីរវាង នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។
ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែនលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីនេះថា នៅក្នុងជំនួបនោះ លោកស្រី អោង សានស៊ូជី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែនថា នេះគឺជាលើកទី១ហើយ ដែលលោកស្រី បានមកបំពេញដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីមកជួបជាមួយ សម្ដេចតេជោ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ហើយកាន់តែសកម្មឡើងថែមទៀត។ ក្នុងន័យនេះ លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។
លោកអ៊ាង សុផល្លែតបានបន្តថា៖ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកអំពីកិច្ចសហប្រតិបត្តិការប្រទេសទាំងពីររបស់ លោកស្រី អោង សានស៊ូជី។ សម្តេចបានលើកឡើងថា ទាក់ទងនឹងវប្បធម៌ នៅឆ្នាំ២០២០ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះយើងគួររួមគ្នារៀបចំពិធីឱ្យបានអធឹកអធមផង និងជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរផង ជាពិសេសនៅខេត្តសៀមរាប និងខេត្តបាកាន ដែលជាខេត្តពោរពេញទៅដោយ ប្រាសាទបេតិកភណ្ឌ។
លោកបន្តថា៖ ពាក់ព័ន្ធទៅនឹងសាសនា, សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់សហភាពមីយ៉ាន់ម៉ា ដែលអនុញ្ញាតឲ្យ កម្ពុជាសាងសង់ព្រះវិហារ នៅខេត្តនៅប្រទេសមីយ៉ាន់ម៉ា ហើយបានអរគុណផងដែរ ដល់មីយ៉ាន់ម៉ា ដែលបានបណ្តុះបណ្តាល សាមណសង្ឃ ឲ្យទទួលបានការអប់រំនៅទីនោះ ដោយរហូតមកដល់បច្ចុប្បន្ននេះ គឺមានសាមណសង្ឃចំនួន៩៤អង្គហើយ ដែលបានបញ្ចប់ការសិក្សាពីមីយ៉ាន់ម៉ា ហើយនៅមានចំនួន៤អង្គទៀត ដែលកំពុងបន្តការសិក្សានៅទីនោះ។
ពាក់ព័ន្ធទៅនឹងវិស័យអប់រំ, សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យធ្វើយ៉ាងណា មានការជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នារួចហើយ។ ពីនោះទៅទៀត ក៏សូមឲ្យមានការផ្លាស់ប្ដូរ ទំនាក់ទំនងរវាងនិស្សិតកម្ពុជា និងនិស្សិតមីយ៉ាន់ម៉ាទៅវិញទៅមក ដែលមានការគាំទ្រពីរដ្ឋាភិបាលប្រទេសទាំងពីរ។ ក្នុងឱកាសនេះ សម្តេចតេជោ ក៏បានផ្តល់អាហារូបករណ៍ចំនួន១០ ទៅដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីមាននិស្សិតមីយ៉ាន់ម៉ា មកសិក្សានៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០។ ពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច, សម្ដេចតេជោ បានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេស បង្កើនទំហំពាណិជ្ជកម្ម ពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។
រាល់កិច្ចការ ដែលបានលើកឡើងខាងលើនេះ លោកស្រី និងសម្ដេចតេជោ បានឯកភាពគ្នា ជំរុញវិស័យសំខាន់ៗទាំងនេះ ហើយក៏បានផ្ដល់ការទុកចិត្ត ឲ្យរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ដើម្បីធ្វើការងារជាបន្តទៀត។
សូមគូសបញ្ជាក់ផងដែរថា៖ កម្ពុជា-មីយ៉ាន់ម៉ា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៧៤ មីយ៉ាន់ម៉ាបានបិទស្ថានទូតនៅភ្នំពេញ ប៉ុន្តែនៅឆ្នាំ១៩៩៤ មីយ៉ាន់ម៉ាបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីជាមួយកម្ពុជាឡើងវិញ។ រហូតដល់ឆ្នាំ១៩៩៩ មីយ៉ាន់ម៉ាបានបើកស្ថានទូត នៅភ្នំពេញឡើងវិញ ហើយកម្ពុជាបានបើកស្ថានទូត នៅមីយ៉ាន់ម៉ាផងដែរ។
រម្លឹកថា៖ អំឡុងនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនោះ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញបេសកកម្ម នៅប្រទេសមីយ៉ាន់ម៉ាផងដែរ ក្នុងនោះមានដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៤ នៅថ្ងៃទី១០-១១ ឧសភា ឆ្នាំ២០១៤ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២-១៣ វិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងណៃពិដោ។ កិច្ចប្រជុំកំពូល CLMV លើកទី៧ និងកិច្ចប្រជុំកំពូល ACMECS លើកទី៦ នៅថ្ងៃទី២២-២៣ មិថុនា ឆ្នាំ២០១៥ នៅទីក្រុងណៃពិដោ។
ចំណែកថ្នាក់ដឹកនាំមីយ៉ាន់ម៉ាដែលធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជាមានដូចជា ថ្ងៃ០១ – ០៣ មេសា ឆ្នាំ២០១៥: លោក ញ៉ាន ធុន (U Nyan Tun) អតីតអនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានមកបំពេញទស្សនកិច្ចសុឆន្ទៈ នៅកម្ពុជា។ នៅថ្ងៃ០៣ – ០៥ កុម្ភៈ ឆ្នាំ២០១៧ : លោក ធិន ច (U Htin Kyaw) អតីតប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print