ឈើរាប់រយ កំណាត់លួចផ្ទុកក្នុងឃ្លាំងមួយកន្លែងដោយខុសច្បាប់ត្រៀមដឹកទៅប្រទេសវៀតណាមត្រូវកម្លាំងចម្រុះបង្រ្កាបនិងរឹបអូស

ចែករំលែក៖

ខេត្តរតនគិរី៖ ឃ្លាំងមួយកន្លែងលួចលាក់ស្តុបឈើប្រណិតប្រភេទ សុក្រំនិងកកោះរាប់រយកំណាត់ ដែលក្រុមឈ្មួញប្រមូលទិញពីអ្នកដឹកតាមម៉ូតូតាមរថយន្តមកស្តុបទុកក្នុងឃ្លាំងនោះដោយខុសច្បាប់ក្នុងបំណងដឹកបន្តទៅប្រទេសវៀតណាមត្រូវបានកម្លាំងចំរុះរបស់ខេត្តធ្វើការបង្ក្រាបរឹបអូសយកទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

ការចុះបង្រ្កាបឃ្លាំងឈើមួយនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិ ឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី។
កម្លាំងចំរុះដឹកនាំដោយលោកជា ពេជ្រព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបានធ្វើចុះបង្ក្រាប ជាទ្រង់ទ្រាយធំលើកទី១បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយ:នេះ។

មេឈ្មួញដែលថ្លើមធំហ៊ានលួចលាក់ប្រមូលទិញឈើដោយខុសច្បាប់យកមកស្តុកទុកក្នុងឃ្លាំងខាងលើរាប់រយកំណាត់ ដែលមានមុខកាត់២៥សង់ទីម៉ែត្របួនជ្រុងប្រវែង១.២ម៉ែត្រដែលក្នុងបំណងរងចាំឱកាសដើម្បីដឹកចេញបន្តទៅប្រទេសវៀតណាមតែត្រូវបែកការណ៍ហើយក៏បង្ក្រាបតែម្តង។

តាមប្រភពបង្ហើបថា មេឈ្មួញដែលប្រហើនហ៊ានប្រមូលទិញឈើប្រណិតទាំងនោះគឺមាន អាងនៅពីក្រោយជាអ្នកធំទើបហ៊ានប្រមូលទិញឈើយកមកស្តុបលាក់ទុកក្នុងឃ្លាំងនៅកណ្តាលក្រុងបានលុងបែបនេះ ហើយក៏បានរត់ការស្ទើរគ្រប់សមត្ថកិច្ចអស់ខ្លះហើយដែរតែសមត្ថកិច្ចខ្លះចរចារមិនត្រូវថ្លៃក៏បង្ក្រាបយកស្នាដៃវិញផងនិងជាការប្រមានដល់ឈ្មួញផ្សេងឱ្យដឹងផងដែរ។

ក្នុងហេតុការណ៍បង្រ្កាបឈើដោយខុសច្បាប់នោះគេបានសង្កេតឃើញម្ចាស់ផ្ទះព្យាយាមចាក់សោរឃ្លាំងហើយរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ហាក់ដូចជាបានទទួលដំណឹងជាមុននោះផងដែរ ។

ក្រោយពីបង្ក្រាបឈើខុសច្បាប់ទាំងនោះហើយក៏ត្រូវបានសមត្ថកិច្ចរឹបអូសដឹកជញ្ជូន យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរងចាំហៅម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើនិងកសាងសុំណំរឿងបញ្ជូនទៅសាលាដំបូងខេត្តផងដែរ៕

...

ដោយ​ ជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print