ភ្នំពេញ៖ កាលពីរសៀលម៉ោង៣ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបន្តចុះចាប់ល្បែងហ្គេមបាញ់ត្រីជាបន្តបន្ទាប់នៅចំណុចផ្ទះលេខ៤៥ ផ្លូវលេខ១៩២ សង្កា្តត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅក្នុងសកម្មភាពនេះ គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូផងដែរ ។
លោកប៉ាង លីដា បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីលោក ឯក ឃុនឌឿន អភិបាលបាលខណ្ឌទួលគោកបានប្តេជ្ញាចិត្តចុះបង្ក្រាបល្បែងប្រភេទស៊ីសង ដូចជាប្រភេទហ្គេមបាញ់ត្រី ទូហ្គេមវាយពុង ហ្គេមបៀរ ដែលតែងតែចុះបង្ក្រាបជាញឹកញាប់ និងដកហូតបាន រួចមកមកវាយកម្ទេចចោលនោះ ហើយលោកបានប្តេជ្ញាចិត្តថា នឹងអនុវត្តបែបនេះក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ដើម្បីទប់ស្កាត់បទល្មើស ដូចជាអំពើឆក់ លួចប្លន់ និងចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានទាំងនោះ ។
បច្ចុប្បន្នទូហ្គេមទាំង២ទូ ត្រូវដឹកបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីទុកវាយកម្ទេចតាមក្រោយ ៕
ដោយ៖ ស ដារ៉ា