ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ពីប្រជានេសាទលក្ខណៈគ្រួសារ នៅបឹងទន្លេសាបបានឱ្យដឹងថា គេឃើញជនជាតិវៀតណាមមានឈ្មោះដូចជាខ្មែរឈ្មោះ សេង ហ៊ុង (ហៅ អាក្បាលដែក) និងឈ្មោះ ចក់ ប្រុសឡា (ហៅ អាញីវ) កំពុងនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ប្រភេទអួនហ៊ុំទឹកសាប អួនកែឆ្នៃ និងរុញស៊ីប ដោយកាណូតធំៗ កំពុងធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដោយគ្មានញញើតនឹងច្បាប់ស្ដីពីជលផលបន្តិចសោះ ត្រូវបានគេសង្ស័យមានការបើកភ្លើងខៀវ ពីមន្ដ្រីជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
ប្រភពខាងលើបន្ដថា ក្រុមបទល្មើសជនជាតិវៀតណាម ប្រើឧបករណ៍នេសាទខុសច្បាប់ស្ដីពីជលផល កំពុងធ្វើសកម្មភាពត្រង់ចំណុចបឹងទន្លេសាបជាប់ព្រំប្រទល់ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់, ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ និងឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប យ៉ាងគគ្រឹកគក្រេងទាំងយប់ទាំងថ្ងៃដោយគ្មានការបង្ក្រាប ត្រូវបានគេសង្ស័យមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញ ជាពិសេស ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
ប្រភពខាងលើបន្ដទៀតថា ដោយមានការសង្ស័យជាប់ពាក់ព័ន្ធនឹងមន្ដ្រីជំនាញមេជលផលនេះ ព្រោះកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ គេឃើញលោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាណ និងនេសាទ បានដឹកនាំមន្ដ្រីក្រោមឱវាទនៅស្រុកក្រគរ ចុះទៅបង្ក្រាបបទល្មើសនេសាទ ប្រភេទឧបករណ៍រួមផ្សំ (បរ) នៅចំណុចព្រែកបាក់ដាវ ស្ថិតក្នុងភូមិពេជ្រក្រី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ប៉ុន្ដែការបង្រ្កាបនោះធ្វើបែបច្បោលៗ ហើយគេឃើញមន្ដ្រីជំនាញខាងស្រុកស្ទោង និងស្រុកជីក្រែងបើកកាណូតប្រញ៉ាប់ប្រញ៉ាល មកជួយបង្ក្រាប ដោយបើកបណ្ដើរប្រាប់អ្នកប្រព្រឹត្តបទល្មើសនេសាទឱ្យស្រាយចំណងពន្លិចទឹកបណ្ដើរ ខណៈមេកើយរបស់ខ្លួនចុះមកបង្ក្រាបស្ងាត់ៗ ចំណែកឧបករណ៍ប្រភេទអួនហ៊ុំ អួនកែឆ្នៃ ស៊ីប គេឃើញចូលជ្រកតាមកំប៉ូតព្រៃ នៅចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ។
ប្រភពបញ្ជាក់ទៀតថា ការចុះបង្ក្រាបធ្វើបែបគោះទឹកបង្អើលត្រីឱ្យរត់ចូលស៊ងខាងលើនេះ ធ្វើបានតិចតួច រួចក៏ឡើងទៅខាងខេត្តសៀមរាបក្នុងថ្ងៃដដែល ចំណែកមេប្រព្រឹត្តបទល្មើសឈ្មោះ សេង ហ៊ុង (ហៅ អាក្បាលដែក) និងឈ្មោះ ចក់ ប្រុសឡា (ហៅ អាញីវ) ចេញធ្វើសកម្មភាពដដែល បញ្ហានេះត្រូវបានគេសង្ស័យបើគ្មានការអនុញ្ញាត ពីមន្ដ្រីជំនាញថ្នូរនឹងលាភសក្ខារៈទេនោះ ជនប្រព្រឹត្តបទល្មើសមិនហ៊ានធ្វើសកម្មភាពនោះឡើយ ហើយផលនេសាទដែលពួកគេនេសាទបាន ពីឧបករណ៍ខាងលើគេដឹកជញ្ជូនមកលក់នៅកំពង់ដរ ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ខ្លះ និងខេត្តផ្សេងៗខ្លះដើម្បីបំភាន់ភ្នែកមហាជនកុំឱ្យឃើញផលនេសាទដែលគេនេសាទបានច្រើនសម្បើមពេក ។
ពាក់ព័ន្ធនឹងប្រភពពីប្រជានេសាទ លើកឡើងដោយមានការសង្ស័យពាក់ព័ន្ធនឹងមន្ដ្រីជំនាញរដ្ឋបាលជលផល បើកភ្លើងខៀវឱ្យជនជាតិបរទេសនេសាទខុសច្បាប់ខាងលើ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកសារពត៌មានដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះថា លោកជាប់រវល់ប្រជុំ ។
ដោយ៖ ប៉ឹម ពិន