កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៥ នេះ បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម រួមនឹងអាជ្ញាធរស្រុកស្ទឹងត្រង់ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវជូនបងប្អូនប្រជាកសិករ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារ លោក ថោ ជេដ្ឋា បានប្រាប់ឱ្យដឹងថា ដោយសារស្ថានភាពភ្លៀងធ្លាក់នៅក្នុងឆ្នាំនេះមិនអំណោផលល្អ ទឹកទន្លេក៏តូច ហើយបច្ចុប្បន្នប្រជាកសិករ បាន និងកំពុងសម្រុកដាំដុះដំណាំស្រូវប្រាំងផងនោះ បានធ្វើឱ្យផ្ទៃដីបង្កបង្កើនផលស្រូវនៅតំបន់មួយចំនួន ក្នុងស្រុកស្ទឹងត្រង់ ជួបនូវកង្វះខាតទឹក ពិសេសតំបន់ដែលទទួលរបបទឹកពីទន្លេមេគង្គ ។ លោកបន្តថា ពិនិត្យឃើញស្ថានភាពនេះ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុក ប្រជាពលរដ្ឋ បានរៀបចំដំឡើងម៉ាស៊ីនបូមទឹកជាបន្តបន្ទាប់ ដើម្បីអន្តរាគមន៍ទាញយកទឹកពីប្រភពផ្សេងៗទៅផ្គត់ផ្គង់ដំណាំស្រូវនៅតំបន់ទាំងនោះ ។
លោក ថោ ជេដ្ឋា បន្តថា ការងារអន្តរាគមន៍បូមទឹកដែលយើងកំពុងដំណើរការនៅក្នុងស្រុកស្ទឹងត្រង់នេះ គឺដើម្បីសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបកង្វះខាតទឹក ប្រមាណជិត ៨០០ ហិកតា ក្នុងឃុំពាមកោះស្នា ឃុំព្រែកកក់ និងឃុំព្រះអណ្តូង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹករបស់មន្ទីរ សហគមន័ទំនប់ និងប្រជាកសិករ សរុបចំនួន ២១ គ្រឿង ហើយក្រសួងជាឧបត្ថម្ភប្រេងទាំងស្រុង ។ លោកបានបន្ថែមថា សម្រាប់ដំណើរបូមទឹកនៅក្នុងឃុំពាមកោះស្នា ក្រុមការងាររបស់យើង ប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតតូច (១៨សេះ) សរុបចំនួន ១៥ គ្រឿង ដោយធ្វើការបូមយកទឹកពីទន្លេមេគង្គបញ្ជូនតាមព្រែកតាយី ប្រវែង ២.០០០ ម៉ែត្រ រួចបូមបន្តដាក់ស្រែប្រាំង ប្រមាណ ៥៤៤ ហិកតា ។ ចំពោះឃុំព្រះអណ្តូង គឺយើងប្រើប្រាស់ម៉ាស៊ីនខ្នាតតូច (១៥សេះ) ចំនួន ០៥ គ្រឿង ដោយបូមយកទឹកពីបឹងអូរតាមុំ ទម្លាក់ចូលព្រែកអូរដំបង ដើម្បីស្រោចស្រពស្រូវប្រាំង ចំនួន ៤០ ហិកតា ។ ចំណែកឯឃុំព្រែកកក់ យើងប្រើប្រាស់ម៉ាស៊ីនបូមទឹក (បំពង់ទុយោ ៣) ចំនួន ០១ គ្រឿង ដោយបូមយកទឹកពីអាងទឹកវាលស្តៅ ទម្លាក់ប្រឡាយប្រឡាយមេ ០១ ខ្សែ ដើម្បីស្រោចស្រពស្រូវវស្សាចុងដៃប្រមាណ ២០០ ហិកតា ។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រៅពីការងារអន្តរាគមន៍បូមប្រមូល និងវេចខ្ចប់ទឹក ក្រុមការងារក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម នៅគ្រប់បណ្តារាជធានី ខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោករដ្ឋមន្ត្រី លឹម គានហោ បាន និងកំពុងបន្តចុះពិនិត្យតាមដានជាប់ជាប្រចាំ នូវស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករ ទាំងស្រូវវស្សា និងស្រូវប្រាំង ព្រមទាំងលក្ខណៈរួចស្រេចនូវម៉ាស៊ីនបូមទឹកគ្រប់ខ្នាត គ្រឿងចក្រ ប្រេងឥន្ធនៈ និងសម្ភារៈផ្សេងៗទៀត ដើម្បីអន្តរាគមន៍សង្គ្រោះ ៕