អ៊ីរ៉ង់បានដឹងយ៉ាងច្បាស់ពីចេតនាអាកក្រក់របស់អាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ ពីគម្រោងប្រើប្រាស់កម្លាំងយោធាកម្ចាត់របបដឹកនាំអ៊ីរ៉ង់។ ជាកស្តែងការដកខ្លួនចេញពីកិច្ចព្រមព្រៀង ធ្វើឲ្យអ៊ីរ៉ង់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ទាំងនោះហើយអ៊ីរ៉ង បានចាត់វិធាការចាំបាច់ដើម្បីការពារខ្លួន ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅមុនពេលអាមេរិក ប្រើប្រាស់កម្លាំងយោធា គឺប្រើប្រាសសង្គ្រាមសេដ្ឋកិច្ចជាមុន ដោយដាក់ទណ្ឌកម្ម ដើម្បីកាត់ផ្តាច់ ប្រភពចំណូលរបស់ប្រទេសនោះ ទើបការប្រើប្រាស់កម្លាំងយោធាមានប្រសិទ្ធិភាព។
សារព័ត៌មាន រ៉យទ័របានផ្សាយថា ការព្រមានខាងលើរបស់ មេដឹកនាមសាសនាដែលមានឥទ្ធិពលបំផុតនៅអ៊ីរ៉ងអ៊ីរ៉ង ធ្វើឡើងកាលពីថ្ងៃទី១០ខែឧសភា ក្នុងគោលដៅរារាំងប្រធានាធិបតីអ៊ីរ៉ង លោក Hassan Rouhani និង យលព្រមពិភាក្សាតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន។
លោក Ayatollah Tabatabai-Nejad បានប្រកាសថា« កងពលនាវាផ្ទុកយន្តហោះអាមេរិក នឹងត្រូវបំផ្លាញដោយមីស៊ីល។ ប្រសិនបើអាមេរិកមានបំណងអាក្រក់នោះកម្លាំងទាហានរបស់យើង នឹងបាញ់មីស៊ីលរាប់សិបដើម បំផ្លាញក្រុមនាវាផ្ទុកយន្តហោះអាមេរិក។ រដ្ឋាភិបាលអ៊ីរ៉ង់ មិនមានសិទ្ធសម្រេច នៅលើបញ្ហាទាំងនោះឡើយ ដោយអំណាច ស្ថិតនៅលើ មេដឹកនាំជាន់ខ្ពស់បំផុត របស់យើងគឺលោក Ayatollah Ali Khamenei »។
លោក Ayatollah Ali Khamenei ជាមេដឹកនាំជាន់ខ្ពស់ និងជាមេដឹកនាំសាសនា ធំបំផុតរបស់អ៊ីរ៉ង់។ លោកជាអ្នកនយោបាយមានទស្សនតឹងតែងបំផុត ផ្ទុយពីប្រធានាធិបតី រ៉ូហានី ដែលមានបំណងផ្សះផ្សាជាមួយអាមេរិក។
ទន្ទឹមនឹងនេះដែរមេបញ្ជាការរងនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Yadollah Javani បាននិយាយថាលោកនឹងមិនចរចាជាមួយសហរដ្ឋអាមេរិកឡើង។ លោកបញ្ជាក់ទៀតថា «នឹងមិមានការចរចាណាមួយជាមួយអាមេរិក ហើយពួកគេ នឹងមិនហានធ្វើសកម្មភាពយោធាណាមួយប្រឆាំងយើងដែរ»។
កន្លងមកថ្មីៗ នាវាផ្ទុកយន្តហោះអាមេរិក Abraham Lincoln បានឆ្លងកាត់ ទន្លេ Suez ប្រទេសអេហ្ស៊ីប ចូលទៅកាន់សមុទ្រក្រហម។ មេបញ្ចាការកងពលលេខ៥អាមេរិក ប្រកាសថា កងពលនាវាផ្ទុកយន្តហោះនឹង ឆ្លងកាត់តំបន់សមុទ្រ Hormuz ជាទីតាំងយុទ្ធសាស្ត្រសំខាន់របស់អ៊ីរ៉ង់នៅពេលចាំបាច់ ។
រយៈពេលចុងក្រោយនេះអាមេរិកបានបង្កើនសកម្មភាប ឡោមព័ទ្ធប្រទេសអ៊ីរ៉ង ទាំងសេដ្ឋកិច្ចនិងយោធា។ កន្លងមកថ្មីៗទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទៅលើ វិស័យផលិតដែក ដែកថែប អាលុយមីញ៉ូម និងស្ពាន់របស់អ៊ីរ៉ង ខណៈប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយទីក្រុងវ៉ាស៊ីនតោន បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង និងកងយន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយអ៊ីរ៉ង់វិញបានប្រកាសបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូម តាមរយៈការដកខ្លួនបន្តិចម្តងៗ ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
ការដាក់ទណ្ឌកម្មខាងលើរបស់សហរដ្ឋអាមេរិក គឺជាយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមា ចុងក្រោយបំផុតមួយប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីខែឧសភា ឆ្នាំ២០១៨។
មន្ទីរបញ្ចកោណ អាមេរិកបានបញ្ជូន ក៏ដូចជាដាក់ពង្រាយ យន្ដហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០៤គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាដោយសំអាងថា អ៊ីរ៉ង់មានគំរោងការសម្ងាត់ ក្នុងការវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។
យោងតាមមន្ត្រីមន្ទីរបញ្ចកោណមួយចំនួន នៅក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះបានបង្ហើបថា យន្ដហោះទម្លាក់គ្រាប់បែក B-52 ០២គ្រឿង នឹងធ្វើដំណើរចាកចេញពីមូលដ្ឋានទ័ពអាកាស បាកដាល (Barksdale) ក្នុងរដ្ឋ ល្វីសស្យ៉ាណា (Louisiana) ហើយយន្ដហោះ B-52 ០២គ្រឿងផ្សេងទៀត នឹងត្រូវចូលរួមជាមួយយន្ដហោះទម្លាក់គ្រាប់បែកទាំង ០២គ្រឿងខាងលើនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
បន្ថែមពីខាងលើនេះ យន្ដហោះទម្លាប់គ្រាប់បែកដ៏មានឥទ្ធិពល B-52 ទាំង០៤គ្រឿងនឹងត្រូវដាក់ឱ្យឈរជើង នៅទីស្នាក់ការនៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក ប្រចាំមូលដ្ឋានទ័ពអាកាស អាល់យូដេដ (al-Udeid) ក្បែរទីក្រុងដូហា ប្រទេសកាតា។
សារព័ត៌មាន AP បានផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះថា យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក B-52 បានចុះចតក្នុងបន្ទាយយ៉ាងស្ងៀមស្ងាត់ហើយ ស្ថិតនៅក្នុងទឹកដីរបស់ប្រទេស កាតារ ។
រូបភាពមួយចំនួនចេញផ្សាយដោយកងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកឲ្យឃើញថា យន្តហោះទម្លាក់គ្រាប់បែកមហាប្រល័យលោក B-52H Stratofortress បានសំកាំងស្លាបចុះចតនៅក្នុងបន្ទាយជើងអាកាស Al Udeid ទឹកដីប្រទេសកាតារ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។
រដ្ឋអាមេរិក ក៏បានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងកងកម្លាំង យន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសំអាងថា អ៊ីរ៉ង់មានគម្រោងវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ អ៊ីរ៉ង់បានប្រកាសថា ខ្លួនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក មួយឆ្នាំបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ៕