ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពិធីការិនីស្រស់សោភា បានសាងភាពភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីនាងសម្រេចចិត្តទទួលយកការសម្តែងភាពយន្តជាថ្មីក្នុងភាពយន្តខ្នាតធំរឿង”ធ្មប់”។ ក្រោយភាពយន្តនេះកំពុងផ្ទុះចេញការគាំទ្រខ្លាំងនាងថានឹងអាចជាកម្លាំងចិត្តថ្មីសម្រាប់នាងពិចារណាថតភាពយន្តថ្មីបន្ទាប់ទៀត ហើយថ្មីៗនេះនាងបានលេចមុខជាថ្មីក្នុងការសម្តែងភាពយន្តភាគថ្មីរបស់ទូរទស្សន៍បាយ័នគឺរឿង”ទាសីបេះដូង”។
ខកខានសម្តែងអស់ជាច្រើនឆ្នាំមកហើយដែល ហ៊ិន ច័ន្ទនីរ័ត្នលប់ចោលការសម្តែងព្រោះតែនាងលើកហេតុផលថាមិនមានពេលគ្រប់គ្រាន់ក្នុងការចេញថត។ ប៉ុន្តែមានការខ្សិបខ្សៀវថានាងមិនថតព្រោះតែជាប់បម្រាមគូស្នេហ៍និងមិនចង់ឲ្យនាងហត់និងថតក្រោមកម្តៅថ្ងៃ ពិសេសគេចចេញពីការប៉ះពាល់សាច់។ ការលើកឡើងនេះធ្លាប់ត្រូវបាននាងច្រានចោលថាមិនមែនជាការពិត។ តារាស្រីរូបនេះលើកឡើងថា គឺនាងមានការងារជាពិធីករច្រើននៅទូរទស្សន៍បាយ័ន និងការងារជាពិធីការិនីក្នុងកម្មវិធីខាងក្រៅជាច្រើនទៀត។ការចាក់បញ្ចាំង ស្នាដៃដំបូង នាដើមឆ្នាំ២០១៨ កន្លងមកគឺរឿង ”ធ្មប់” ឮទទូលការគាំទ្រ ជាខ្លាំងពីទស្សនិកជននោះបានធ្វើឲ្យនាងពេញចិត្តជាខ្លាំង។នាងលើកឡើងថា ការទទួលជោគជ័យ ពីស្នាដៃដំបូងក្នុងឆ្នាំថ្មី គឺជាការបើកផ្លូវសម្រាប់កញ្ញា ដើម្បីបន្តសម្ដែងភាពយន្តថែមទៀត ។
ដូចកញ្ញាបានសន្យាថា នឹងអាចថតភាពយន្ត ១ទៅ២រឿងទៀត ក្នុងឆ្នាំថ្មីនេះ ប្រសិនបើរឿង ”ធ្មប់” ទទួលការគាំទ្រ ពីទស្សនិកជន។ កញ្ញា ចាប់ផ្ដើមទទួលថតភាពយន្តបន្តទៀត ប្រសិនបើផលិតករ ទាក់ទងមក ទោះជារវល់ការងារ ផ្សេងៗទៀតក៏ដោយ។ ភាពយន្តថ្មី”ទាសីបេះដូង” ទើបនឹងចាប់ផ្តើមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័នចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បត្តិ៍ចាប់ពីម៉ោង៧ដល់ម៉ោង៨យប់ បន្ទាប់ពីរឿង”ភរិយាឥតខាន់ស្លា”។ ភាពយន្តនេះនាងបានសម្តែងជាតួឯករួមជាមួយតួប្រុសស្រស់សង្ហា លោក សេង មង្គល។ តាមសន្ទុះនៃការគាំទ្រភាពយន្តនេះក៏មានមិនធម្មតា ដែលគេដឹងថាជារសជាតិថ្មីនៃការសម្តែងរួមគ្នារវាងសិល្បករទាំងពីរក្នុងការសម្តែងរួមគ្នាលើកដំបូង។
ទោះជាយ៉ាងណាតារាស្រីរូបនេះមិនធ្លាប់បានបញ្ជាក់ពីតម្លៃខ្លួននៃការចេញថតភាពយន្តនេះទេប៉ុន្តែតាមការបង្ហើបពីប្រភពនានាកញ្ញា ទទួលបានប្រាក់កម្រៃមិនក្រោម ៥ពាន់ដុល្លារនោះទេ ពីការសម្តែងកន្លងមកប៉ុន្តែសម្រាប់ភាពយន្តភាគនេះគឺមានការសម្របសម្រួលតម្លៃច្រើនព្រោះតែនាងក៏ជាពិធីការិនីប្រចាំទូរទស្សន៍នេះផងដែរ។ ស្នាដៃល្បីល្បាញនេះ ដែលជាហេតុធ្វើឱ្យកញ្ញាក្លាយជាតារាមានទីផ្សារខ្ពស់ម្នាក់ ក្នុងចំណោមតារាសម្ដែងស្រីលំដាប់ជួរមុខមួយចំនួន៕ ដោយ វឌ្ឍនា