ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញចូលរួម បើកកិច្ចប្រជុំលើកទី៣ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ ដែលពិធីនេះមានការចូលរួម ពីបណ្ដាថ្នាក់ដឹងនាំប្រទេសក្នុងតំបន់អាស៊ាន ហើយកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ទៅលើការងារគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗដែលជារឿយៗ តែងតែកើតមានឡើងនៅគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក ។
ដើម្បីកាត់បន្ថយនូវការបាត់បង់អាយុជីវិត និងការខូចខាតទ្រព្យសម្បតិ្ត អាស៊ានបានខិតខំប្រឹងប្រែងប្រយុទ្ធទប់ស្កាត់ហានិភ័យផ្សេងៗតាមរយ:សកម្មភាពរួមគ្នាក្នុងការត្រៀមបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នេះអោយនៅកម្រិតទាប ។ កន្លងមកកម្ពុជាក៏បានចូលរួមក្នុងសកម្មភាពនេះយ៉ាងសកម្មផងដែរ ដោយបានពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយតាមស្ថាប័នពាក់ព័ន្ឋផ្សេងៗ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនេះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រប់គ្រោះមហន្តរាយនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរួមគ្នាចូលរួមទប់ស្កាត់គ្រោះមហន្តរាយនេះ ។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអោយប្រទេសក្នុងតំបន់អាស៊ានទាំងអស់ ត្រូវចូលរួមសហការ និងព័ត៌មានឆ្លើយតបអោយបានឆាប់រហ័សនៃការកើតមានគ្រោះមហន្តរាយផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសនីមួយៗបានត្រៀមលក្ខណៈទប់ស្កាត់បង្ការជាមុន ៕
ដោយ៖ ហេង សូរិយា