ភ្នំពេញ៖ សមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជា ខណ្ឌព្រែកព្នៅ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ស្រី សុផល អនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ។
គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌព្រែកព្នៅ សរុបមានចំនួន១១រូប ក្នុងនោះមាន លោក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ ជាប្រធាន មានអនុប្រធាន៣រូប និងសមាជិកចំនួន ៧រូប។ ជាមួយនេះគណៈកម្មាធិការ សាខា សមាគមអតីតយុទ្ធជនកម្ពុជា សង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ក៏ត្រូវបានប្រកាសទទួលស្គាល់ផងដែរ ដែល ចៅសង្កាត់ បច្ចុប្បន្នជាប្រធានកិត្តិយស មេប៉ុស្ដិ៍ ជាប្រធានសាខា និងមានអនុប្រធាន២រូប ព្រមទាំងមេភូមិទាំងអស់ជាសមាជិក។
លោក លាង វិបុល អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌព្រែកព្នៅឲ្យដឹងថា គិតត្រឹមខែធ្នូឆ្នាំ២០១៥នេះ សមាគមអតីតយុទ្ធជនខណ្ឌព្រែកព្នៅ មានសមាជិកសរុប ចំនួន១២៦នាក់ ក្នុងនោះមានយោធិនពិការ ៣៧នាក់ យោធិនចូននិវឌ្ឍន៍ ៤១នាក់ គ្រួសារពលីចំនួន៣៤នាក់ និងគ្រួសារជនមរណៈចំនួន១៤នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្រី សុផលបានផ្ដាំផ្ញើដល់ សមាជិក សមាជិការ គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាថ្នាក់ខណ្ឌសង្កាត់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ នូវលក្ខន្ដិកៈ សមាគម ធ្វើការផ្សព្វផ្សាយ ឲ្យបានជ្រួតជ្រាប ទូលំទូលាយ ដល់សមាជិក ក្នុងមូលដ្ឋានរបស់ខ្លូន នូវព៌តមាន គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានារបស់សមាគម។
លោកស្រី សុផល បន្តថាគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌព្រែកព្នៅ ដែលប្រកាសក្នុងថ្ងៃនេះត្រូវក្ដាប់ឲ្យជាប់នូវស្ថានភាព ប្រែប្រួលរបស់សមាគម តាមបណ្ដាភូមិនិមួយៗ។ ការកើនឡើងការថយចុះ សមាជិក ស្ថានភាពចំណាក ស្រុក សមាជិកដែលទទួលមរណៈភាព ត្រូវរាយការណ៍ជូនគណៈអចិន្ដ្រៃយ៍ឲ្យបានជាប្រចាំ ហើយត្រូវក្ដាប់ស្ថានភាពជីវភាព របស់សមាជិក ក្នុងសង្កាត់របស់ខ្លួន ដើម្បីស្នើសុំគោលការណ៍ទៅ ថ្នាក់លើរៀបចំគម្រោងអភិវឌ្ឍអតីតយុទ្ធជន។
លោកបញ្ជាក់ថា ជាមួយនេះត្រូវចលនា សប្បុរសនានាក្នុងសង្កាត់ ដើម្បីប្រមូលវិភាគទាន ដោយរៀបចំមូលនិធិទ្រទ្រង់ សមាគម ដោយប្រើប្រាស់ឲ្យមានតម្លាភាព ជាប្រយោជន៍ដល់សមាជិក ក្នុងសង្កាត់ដូចជាការចុះសួរសុខទុក្ខ ពេលមានជម្ងឺ ចូលបុណ្យសព ពេលមរណៈភាព ឬចាត់ចែងកិច្ចការសង្គមផ្សេងៗ៕
ដោយ៖ ព្រែកជ័យ