ខេត្តពោធិ៍សាត់៖ ក្មេងទំនើងជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន បានបង្ហោះម៉ូតូធុនធំស៊េរីទំនើបក្នុងគោលបំណងចង់បុកសមត្ថកិច្ច ពេលកំពុងបំពេញបេសកកម្មតាមដងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ត្រូវបានចាប់វាយខ្នោះទាំងយប់ ។
ហេតុការណ៍សមត្ថកិច្ចចាប់វាយខ្នោះក្មេងទំនើង ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន ជិះម៉ូតូធំស៊េរីទំនើបបង្ហោះតាមដងផ្លូវសាធារណៈ មានបំណងចង់បុកសមត្ថកិច្ច ខណៈកំពុងបំពេញបេសកកម្មខាងលើ ប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវកៅស៊ូលេខ១ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ក្មេងទំនើងជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន ហើយបានបង្ហោះម៉ូតូធំរបស់គេ ដោយមានគោលបំណងចង់បុកសមត្ថកិច្ច ខណៈកំពុងបំពេញបេសកកម្ម ត្រូវបានគេស្គាល់ឈ្មោះ ញ៉ឹង ឌីណេ អាយុ២៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ហើយក្មេងទំនើងត្រូវបានឃាត់ខ្លួនរូបនេះ ជាកូនអ្នកមានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ នៅខេត្តពោធិ៍សាត់ គ្រាន់តែតម្លៃម៉ូតូរបស់គេថ្លៃរហូតដល់ ៥០០០ដុល្លា ប៉ុន្ដែអាកប្បកិរិយាមិនថ្លៃថ្នូរដូចតម្លៃម៉ូតូនោះទេ ។
ប្រភពពីនគរបាលបានឱ្យដឹងទៀតថា ក្មេងទំនើងរូបនេះកំពុងសាកសួរ និងបំពេញសំណុំបែបបទបញ្ជូនខ្លួនទៅតាមនីតិវិធី ។ ចំណែកម៉ូតូធំស៊េរីទំនើបរបស់គេ ពណ៌សខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FK-3883 រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕
ដោយ៖ ប៉ឹម ពិន