ប្រទេសអាហ្វហ្គានីស្ថាន៖ កម្លាំងទាហានអាហ្វហ្គានីស្ថានបានប្រើប្រាស់ យន្តហោះគ្មានមនុស្សបើក សម្រាប់ធ្វើសង្គ្រាមវាយប្រហារទៅលើ ក្រុមភេរវកម្មតាលីបង់ នៅក្នុងប្រទេសនេះ។ កម្លាំងទាហានអាហ្វហ្គានីស្ថាន បានវាយប្រហារច្រឡំទៅលើគ្នាឯង សម្លាប់ ទាហាន ១៧នាក់ និង ជាង១០នាក់រងរបួស។
ប្រភព័ត៌មានពីមន្ត្រីអាហ្វហ្គានីស្ថានបានថ្លែងថា ការវាយប្រហារដោយច្រឡំគោលដៅនេះ កើតឡើងអំឡុងពេលកងកម្លាំងទាហានរដ្ឋាភិបាលកំពុងប្រតិបត្តិការប្រយុទ្ធជាមួយក្រុមឧទ្ទាមតាលីបង់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រៅទីក្រុង Lashkar Gah ខេត្ត Helmand ភាគខាងត្បូងរបស់អាហ្វហ្គានីស្ថាន ។
លោក Attaullah Afghan មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាខេត្តបានថ្លែងថា ការវាយប្រហារតាមដែនអាកាសបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា គឺអំឡុងពេលប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមតាលីបង់ នៅជិតទីក្រុងខាងលើ ហើយក៏មានករណីច្រឡំគោលដៅកើតឡើងតែម្តង ។ លោកថា កម្លាំងប៉ូលិស១៧នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតរងរបួស ។
គេនៅមិនទាន់ដឹងច្បាស់ទេ ថាតើខាងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ឬក៏ខាងកងកម្លាំងបរទេសដឹកនាំដោយអាមេរិកនោះទេ ដែលវាយប្រហារច្រឡំគោលដៅខាងលើនេះ ។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកាប៊ូល មិនទាន់ធ្វើអត្ថាធិប្បាយបែបណានោះទេ ។ កងកម្លាំងអាមេរិក តែងតែផ្តល់ជំនួយដល់កងទ័ពអាហ្វហ្គានីស្ថាននៅក្នុងប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាមតាលីបង់ ។
អភិបាលក្រុង Helmand លោក Mohammad Yasin បានថ្លែងថា នៅពេលនេះ មន្ត្រីជំនាញ បានបង្កើតគណៈកម្មការមួយ ស៊ើបអង្កេតករណីវាយប្រហារច្រឡំគោលដៅខាងលើនេះ បណ្តាលឲ្យស្លាប់ និងរបួស យ៉ាងរដូករណែល ។ សេចក្តីថ្លែងការណ៍របស់ក្រុមតាលីបង់ អះអាងថា កងកម្លាំងសហរដ្ឋអាមេរិក គឺជាអ្នកនៅពីក្រោយការវាយប្រហារតាមដែនអាកាសច្រឡំគោលដៅខាងលើនេះ ៕
ដោយ៖ មែវ សាធី