តាមរបាយការណ៍ក្រុមហ៊ុន ស្រាវជ្រាវ របស់ចក្រភពអង់គ្លេសបាន លើកឡើងថា ការរីកចម្រើន របស់ចិននាពេលបច្ចុប្បន្ន នឹងក្លាយជា ប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយនៅលើពិភពលោក ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ មិនរងចាំរហូតដល់ឆ្នាំ២០៣០ ឬ២០៣៥ ដូចការព្យាករណ៍ នាពេលកន្លងមក នោះឡើយ។
ចំណុចទាំងនោះហើយបានជា អាមេរិក ចាំបាច់ត្រូវចាត់វិធានការ លើសេដ្ឋកិច្ចចិនពីពេលនេះ មិនទុកឲ្យចិន ដើរជិតទាន់ទើប ទប់ស្កាត់គឺហួសពេលទៅហើយ។
ប្រព័ន្ធផ្សព្វផ្សាយចិន បានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោនថាបានរៀបគំរោងប្រឆាំង ទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍របស់ចិន ។ អាមេរិកខ្លាចបាត់បង់មហាអំណាចសេដ្ឋកិច្ច ទីមួយលើពិភពលោក។
ការលើកឡើងខាងលើ ក្រោយពេលដែលរដ្ឋាភិបាលអាមេរិក ថ្កោលទោសចិន មិនព្រមដោះស្រាយ ចំពោះក្តីបារម្ភរបស់ ទីក្រុងវ៉ាស៊ីនតោន ស្តីពីកម្មសិទ្ធិបញ្ញា ។ បន្តែសរព័ត៌មានចិន បានច្រានចោលព័ត៌មានខាងលើរបស់អាមេរិក។នៅក្នុងអត្ថបទវិភាគមួយបានបង្ហាញឲ្យឃើញថា« អាមេរិកបារម្ភពីការអភិវឌ្ឍន៍ របស់ទីក្រុងប៉េកាំង កាន់តែខ្លាំងឡើង និងមានឥទ្ធិពលនៅលើឆាកអន្តរជាតិ ។
នៅក្នុងសប្តាហ៍នេះ បណ្តាញទូរទស្សន៍ជាតិចិនបានផ្សាយនៅអត្ថបទវិភាគដែលមានខ្លឹមសារថ្កោលទោសដល់សង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិក។ គោលជំហររបស់ចិនបានបង្ហាញយ៉ាងច្បាស់ថា ចិនមិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មឡើយ ប៉ុន្តែចិនមិនរាថយឡើយ ដោយចូលរួមក្នុងល្បែងសង្គ្រាមនេះជាមួយអាមេរិកដល់ទីបញ្ចប់។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកាន់តែតានតឹងក្រោយពេល អាមេរិក ដំឡើងពន្ធនាំចូលពីចិន មានតម្លៃ ជាង២០០ពាន់លានដុល្លារ ចូលជាធរមាននៅថ្ងៃទី១០ខែឧសភាកន្លងទៅ ។ ចំណែកចិនវិញក៏បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកតម្លៃ៦០ពាន់លានដុល្លារ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែ៦ ខាងមុខនេះ ។
កន្លងមក សារព័ត៌មាន Bloomberg បានផ្សាយថា ប្រទេសចិននឹងវ៉ាសហរដ្ឋអាមេរិកក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកនៅត្រឹមឆ្នាំ ២០៣០ ដែលយោងតាមការសិក្សាមួយដោយក្រុមសេដ្ឋវិទូប្រចាំក្រុមហ៊ុន HSBC Holdings Plc ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។ ការសិក្សានេះក៏បានព្យាករផងដែរថា ប្រទេសចិននឹងនៅតែជាអ្នករួមចំណែកធំបំផុតដល់កំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
ការសិក្សានេះបានព្យាករថា ផ.ស.ស របស់ចិន នឹងកើនឡើងពី ១៤,១ ពាន់ពាន់លានដុល្លារនាពេលបច្ចុប្បន្នដល់ ២៦ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០ ខណៈ ផ.ស.ស របស់អាមេរិក នឹងកើនឡើងយឺតពី ២០,៤ ពាន់ពាន់លានដុល្លារដល់ ២៥,២ ពាន់ពាន់លានដុល្លារ។
ការព្យាករនេះគឺផ្ទុយស្រឡះពីការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមុនដែលថា ចិនលែងស្ថិតនៅលើផ្លូវឈ្នះអាមេរិកក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ទោះយ៉ាងណាក្តី ការព្យាកររបស់ក្រុមហ៊ុន HSBC ត្រូវបានគាំទ្រដោយការព្យាករមួយទៀតដែលធ្វើឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែកក្កដា ដែលបានឲ្យដឹងថា ចិនអាចនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកត្រឹមឆ្នាំ ២០៣០។
ការសិក្សារបស់ក្រុមហ៊ុន HSBC ក៏បានឲ្យដឹងផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងស្ទុះងើបខ្លាំងនានា ត្រូវបានរំពឹងថានឹងរួមចំណែករហូតដល់ ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចសាកលនៅត្រឹមឆ្នាំ ២០៣០។
ពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានប្រាប់ក្រុមអ្នកតំណាងរាស្ត្រថា អ្នកធ្វើគោលនយោបាយចង់ឲ្យការរីកចម្រើនសេដ្ឋកិច្ចមានកម្រិតពី ៦ ទៅ ៦,៥ ភាគរយ នៅក្នុងឆ្នាំ២០១៩នេះ ដែលនេះជាការបន្ថយបន្តិចបន្តួចពីគោលដៅកាលពីឆ្នាំមុន ដែលចង់ឲ្យសេដ្ឋកិច្ចមានការរីកចម្រើនកម្រិត ៦,៥ ភាគរយ។
ការរីកចម្រើនសេដ្ឋកិច្ចផ្លូវការរបស់ប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកនេះ កាលពីឆ្នាំ ២០១៨ មានចំនួន ៦,៦ ភាគរយ ដែលជាកម្រិតទាបបំផុតនៅក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងមកនេះ ដោយសារតែមានតម្រូវការទំនិញធ្លាក់ចុះនៅក្នុងប្រទេស និងនៅបរទេស និងដោយសារតែមានសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់ជាមួយនឹងសហរដ្ឋអាមេរិក។
លោក Li Keqiang បាននិយាយថា រដ្ឋាភិបាលចិននឹងកាត់បន្ថយពន្ធលើផលចំណេញរបស់ក្រុមហ៊ុនអាជីវកម្មនានា និងថវិការួមចំណែកផ្នែកធានារ៉ាប់រងសង្គមចំនួន ២៩៨ ពាន់លានដុល្លារអាមេរិក ក៏ដូចជាបន្ទាបពន្ធលើតម្លៃបន្ថែមសម្រាប់ផ្នែកផលិតកម្មពី ១៦ មកនៅ ១៣ ភាគរយ។ ស្របពេលនោះដែរ រដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចកញ្ចប់ថវិកាចំនួន ១៧៧ ពាន់លានដុល្លារ សម្រាប់វិស័យយោធានៅក្នុងឆ្នាំនេះ ដែលជាការកើនឡើងចំនួន ៧,៥ ភាគរយ។
រដ្ឋសភាចិនត្រូវគេរំពឹងថា នឹងអនុម័តលើច្បាប់ថ្មីមួយនៅក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ ដែលនឹងមិនអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួនដាក់សម្ពាធលើក្រុមហ៊ុនបរទេសឲ្យផ្ទេរបច្ចេកវិទ្យារបស់ពួកគេដល់រដ្ឋាភិបាលចិន ដើម្បីជាថ្នូរនឹងការទទួលបានលទ្ធភាពចូលទៅក្នុងទីផ្សាររបស់ចិននោះទេ៕
ដោយ៖ មែវ សាធី