ខេត្តសៀមរាប៖ បន្ទាប់ពីមានការរឹះគន់ពីប្រជាពលរដ្នទៅលើមន្រ្ដីបំរើការងារនៅសាលាស្រុកស្វាយលើរវល់តែមើលទូស័ព្ទ ធ្វើអោយការយឺតយ៉ាវ រួចមក ស្រាប់តែ លោក ទៀ សីហា អភិនាលខេត្តសៀមរាប បញ្ជាអោយមន្រ្ដីចុះស្រាវជ្រាវលើមន្រ្ដីបំរើការងារទាំងនោះ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលម៉ិញ ស្រាប់តែ រដ្ឋបាលស្រុកស្វាយលើ បានចេញលិខិតបំភ្លឺចំពោះការចោទប្រកាន់មួយ តាមរយះទំព័រហ្វេសប៊ុក។ ខាងក្រោមនេះ សេចក្តីបំភ្លឺបានសរសេរ ៖
រដ្ឋបាលស្រុកស្វាយលើ មានកិត្តិយសសូមជម្រាបជូន សាធារណៈជនទាំងអស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ០៥រោច ខែ ពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩.៤៥ នាទីព្រឹក មានអាខោនហ្វេសប៊ុកឈ្មោះ កូននាក់ស្វាយលើ និង ឈ្មោះ មេផ្ទះ-Housewife បានបង្ហោះខ្លឹមសារទាក់ទងទៅនឹងការងារបម្រើសេវាអត្រានុកូលដ្ឋានយឺតយ៉ាវ និង រូបភាពមន្ត្រីកំពុងមើលទូរស័ព្ទ ។
ដូចនេះរដ្ឋបាលស្រុកស្វាយលើ សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបដូចខាងក្រោម៖
១-កន្លងមករដ្ឋបាលស្រុក បានបម្រើសេវាសាធារណៈផ្នែកការងារអត្រានុកូលដ្ឋានមិនដែលអោយលើសពីរយៈពេលបីថ្ងៃទេ ហើយពេលខ្លះយើងអោយប្រជាពលរដ្ឋគាត់រង់ចាំរយៈពេលតែកន្លះម៉ោង ទៅពីរម៉ោងពួកគាត់អាចទទួលសេវាប្រភេទនេះយកទៅប្រើប្រាស់បាន លើកលែងតែ ការស្នើសុំកែតម្រូវទិន្ន័យអត្រានុកូលដ្ឋាន ទើបត្រូវប្រើរយៈពេលយូលើសពីមួយខែព្រោះមាននីតិវិធីច្រើនត្រូវដាក់ឆ្លងជូនក្រសួងមហាផ្ទៃពិនិត្យ សម្រេច ។ ចំពោះប្រជាពលរដ្ឋដែលបានបាត់ ខូច ភ្លើងឆេះ…សំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ ពេលគាត់មករកសេវា មន្ត្រីយើងតែងតែសាកសួររាល់ព័ត៌មាន និង ឯកសារពាក់ព័ន្ធដូចជា សៀវភៅគ្រួសារ កាលបរិច្ឆេទដែលធ្វើនៅថ្នាក់ឃុំ សង្កាត់ និងសាច់ញ្ញាត្តិដែលធ្លាប់ធ្វើជាមួយ ដើម្បីងាយស្រួលក្នុងការស្វែងរកក្បាលសៀវភៅ និងឈ្មោះសាម៉ីខ្លួន…។ ចំពោះប្រជាពលរដ្ឋមួយចំនួនពេលគាត់មករកសេវាប្រភេទនេះនៅថ្នាក់ស្រុក តែពួកគាត់មិនមានឯកសារអ្វីទាំងអស់ និងមិនដឹងធ្វើនៅឆ្នាំណា ដូច្នេះមន្ត្រីអត្រានុកូលដ្ឋានយើងពិបាកស្វែងរកជូនពួកគាត់មិនដឹងថាគាត់បានធ្វើ ឬមិនបានធ្វើទើបធ្វើអោយមានការយឺតយ៉ាវខ្លះក្នុងការស្វែងរក តែក៏មិនយឺតយ៉ាវរហូតដល់កន្លះខែ ឬមួយខែដូចការចោទប្រកាន់នេះដែរ ។ ទី២- ចំពោះរូបភាពដែលចោទប្រកាន់មន្ត្រីយើងដែលមើលទូរស័ព្ទដៃគឺពួកគាត់មានចេតនាលួចថតមន្ត្រីពេលម៉ោងសម្រាកពីការងារក្នុងគោលបំណងធ្វើអោយអាប់អោនស្ថាប័ននៃរដ្ឋបាលស្រុកទាំងមូល ព្រោះនៅពេលខ្លះ មន្ត្រីយើងប្រើទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនងការងាររដ្ឋបាលផ្សេងៗផងដែរ ។ ជាងនេះទៅទៀតនៅរដ្ឋបាលស្រុកពាក់ព័ន្ធទៅនឹងការងារបន្ទាន់ និងការងារសេសសល់មួយចំនួន ដោយមានការណែនាំពីថ្នាក់ដឹកនាំស្រុកមន្ត្រីយើងឆ្លៀតពេលធ្វើការងារ ក្នុងចណ្លោះម៉ោងសម្រាកម្តងម្កាលដើម្បីអោយសម្រេចបានតាមការកំណត់ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ រដ្ឋបាលស្រុកបានកោះប្រជុំជាមួយមន្ត្រីអត្រានុកូល ដ្ឋានភ្លាម ហើយមន្ត្រីទាំងអស់បានឆ្លើយបំភ្លឺថាកន្លងមកមិនដែលមានប្រជាពលរដ្ឋណាមកអោយរកសំបុត្រអត្រានុកូលដ្ឋានដែលបាត់ហើយរកមិនឃើញហួសពីកន្លះខែទៅមួយនោះដែរ គឺរដ្ឋបាលស្រុកតែងតែឆ្លើយតបទៅសាម៉ីជនវិញ ប្រសិនបើករណីរកមិនឃើញក្នុងសៀវភៅអត្រានុកូលដ្ឋានដែលរក្សានៅសាលាស្រុក ។
ដូចនេះរដ្ឋបាលស្រុកស្វាយលើ សូមជម្រាបជូនម្ចាស់អាខោន កូននាក់ស្វាយលើ និង មេផ្ទះ-Housewife មេត្តាជ្រាបថា ប្រសិនជាម្ចាស់អាខោនទាំងពីរនេះធ្លាប់បានមករកសេវាប្រភេទនេះពីរដ្ឋបាលស្រុកស្វាយលើកន្លងមកមែន សូមមកទំនាក់ទំនងផ្ទាល់ ដើម្បីរដ្ឋបាលស្រុកមានមូលដ្ឋានសាកសួរព័ត៌មានពាក់ព័ន្ធនឹងឯកសារដែលបាត់ និងដើម្បីងាយស្រួលក្នុងការស្វែងរកជូនបានលឿន ។
អាស្រ័យដូចបានបកស្រាយបំភ្លឺក្នុងខ្លឹមសារខាងលើ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
ថ្ងៃព្រហស្បតិ៍០៥កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦៣
ស្វាយលើ, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។
ម្យ៉ាងដែរនាយករដ្ឋបាលស្រុកស្វាយលើដោះស្រាយបានផុយ ផ្ទុយពីរូបថតជាច្រើនសន្លឹកដែលប្រជាជនគាត់ឆ្អែតចិត្ត បង្ហាញគ្រប់ឈុត នៃទង្វើរបស់មន្ត្រីលោកនាយករដ្ឋបាល។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាល អាចនឹងបន្តជីកឬសគល់ក្នុងរឿងដោយភាពសុក្រិតផ្តល់យុត្តិធម៍ដល់ប្រជាជន និងមន្ត្រីឡេមឡឺម ចរិកមិនសមរម្យ ឬត្រូវតាមដានពីការបកស្រាយរបស់នាយករដ្ឋបាលនេះ មានហេតុផលត្រឹមត្រូវទេ…? បើរកឃើញកំហុសដកចេញក៏មិនខាត ទុកក៏មិនចំពេញ កុំអោយមន្ត្រីប្រភេទនេះដាក់បន្ទុកដ៏ធ្ងន់ដល់ថ្នាក់លើរ៉ែកពន់ខ្លាំងពេក៕
ដោយ៖ ប៊ុន រិទ្ធី