ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះបើកផ្លូវលេខ៦០៨ មកទល់និងផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីកសាងផ្លូវនោះ ងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរ ដោយគម្រាងបើកផ្លូវនោះ មានបណ្ដោយប្រវែង៨៦ម៉ែត្រនិងទទឹង១០ម៉ែត្រ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន៣នាក់ បានឲ្យដឹងដែរថា ទី១អ្នកស្រី អោប សាវឿន ភេទស្រី អាយុ៥៦ឆ្នាំ ប្រជាពលរដ្ឋដែលមានផ្ទះនៅកំណាតផ្លូវនៅដែរ គាត់បានលើកឡើងថា គាត់មិនមានការអាក់អន់ចិត្តអី្វនោះទេ បានខាងអាជ្ញាធរ និងខាងក្រសួងសាធារណការមានគម្រាងនិងសាងសងកំណាត់ផ្លូវនេះ គឺមានអារម្មណ៍សប្បាយរីករាយ ព្រោះការបេីកផ្លូវនេះ គឺងាយស្រួលសម្រាប់ពួកគាត់ធ្វេីដំណេីរចេញចូលស្រួល ហេីយមានផ្លូវជាច្រេីនដេីម្បីបញ្ចាស់ចរាចរណ៍កុំឲ្យកក់ស្ទះផងដែរ ។ ទី២អ្នកស្រី ឆោម វិបុល អាយុ៥១ឆ្នាំ ប្រជាពលរដ្ឋដែលមានផ្ទះនៅកំណាតផ្លូវនៅដែរ គាត់បានលើកឡើងថា អោយតែអាជ្ញាធរ មានគំរោងរៀបចំផ្លូវដើម្បីជាប្រយោជន៍រួមដល់បងប្អូនប្រជាពលរដ្ឋដូចនេះ ពួកគាត់មិនមានការជំទាស់ឬ រារាំងយ៉ាងណានោះទេ ។
ដោយឡែក លោក ពូ ស្វាយ ធួន ភេទប្រុស អាយុ៦២ឆ្នាំ ដែលជាម្ចាស់ផ្ទះលេខ២ABC ផ្លូវ៥៦៦កែងនិងផ្លូវ៦០៨ បានអោយដឹងផងដែរថា របងផ្ទះ របស់គាត់ គាត់សុខចិត្តអោយកម្លាំងគណៈបញ្ជាការឯកភាព វាយបើកកសាងផ្លូវ ដើម្បីជាប្រយោជន៍រួមបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកទាំងអស់គ្នា។
ចុងក្រោយលោកពូ ស្វាយ ធួន សូមអំពាវនាវដល់ក្រសួងសាធារណៈការឆាប់ចាប់ផ្ដើមចុះមករៀបចំគម្រាងនេះផង ព្រោះគម្រាងនេះ សាលារាជធានីភ្នំពេញមានតាំងពីខែមីនា ឆ្នាំ២០១៥មកម្ល៉េះ។
គួរបញ្ជាក់ថា កំណាត់ផ្លូវដែលអាជ្ញាធរចុះ មកវាយបើកផ្លូវនេះ គឺប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១២គ្រួសារ ហើយម្ចាស់លំនៅដ្ឋានទាំងអស់គឺឯកភាពតាមគោលការអភិវឌ្ឍគម្រាងរបស់សាលារាជធានីភ្នំពេញផងដែរ ៕
ដោយ៖ ស ដារ៉ា